ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោកជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group ដើម្បីពិភាក្សា លើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាស តាមរយៈយន្តហោះលើទឹក។
សេវាកម្មនេះ ផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរណ៍ ទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការ ជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធ លើការហោះហើរបន្ថែម ដោយក្នុងនោះក្រុមហ៊ុន គ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅ ខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចត ទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗ ដូចជា៖ កោះសង្សា កោះក្របី សណ្ឋាគារ Royal Sand។ល។
លោកជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះ លើទឹកលើកដំបូងនៅកម្ពុជា ដែលផលិតផលនេះ នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិ ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មី ដល់អ្នកទេសចរនៅកម្ពុជា។
លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកនឹងស្នើសុំការគាំទ្រ ជាផ្លូវពីការលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលនេះ ឲ្យកាន់តែផុលផុសបន្ថែមទៀត និងបានសំណូមពរឲ្យក្រុមហ៊ុនគិតគូរ ពីការហោះហើរទៅកាន់ ខេត្តគោលដៅផ្សេងទៀតដូចជា ខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះ ក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច”៕







