Hattha top Banner

រយ:ពេល៧ខែដើមឆ្នាំនេះ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា ក្នុងតំបន់អង្គរមានចំនួនជាងជាង២លាននាក់

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយ:ពេល៧ខែឆ្នាំ២០២៣នេះ មានចំនួនជាង ២,៦៤៣,០០០នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា ឆ្នាំ២០២២។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង២,៦៤៣,០០០នាក់នោះ មានលំហូរភ្ញៀវទេសចរខ្មែរចំនួន ២,២០៣,៦៩៦នាក់ និងភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ មាន៤៣៩,៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរ ត្រឹមតែ៨៣,៨៥៤នាក់ប៉ុណ្ណោះ។

លោកបានបន្ដថា ក្នុងរយ:ពេល៧ខែ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន ២,៦៤៣,០៦១នាក់។ លោកបានបន្ដថា ចាប់ពីខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណ:ដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិ សៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ។

លោកបន្តថា ចំនួនភ្ញៀវនឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើង នូវភ្ញៀវទេសចរអន្ដរជាតិ ព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ៧ខែ កាលពីឆ្នាំ២០២២ កន្លងមក មានតែ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣មានរហូតជិតទៅដល់៤៤ម៉ឺននាក់ ចឹងវាមានការកើនឡើងប្រហែលជាង ៤០០ភាគរយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥៣,៥៩៦នាក់ បើធៀបរយ:ពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងជាង១២៤ភាគរយ។ ដោយបានចំណូលថវិកា២,៤៣៩,៩២៧ដុល្លា បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង១៥៤ភាគរយ។ ចំណូ​លមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដាឆ្នាំ២០២៣ ចំនួន ១០៧,១៩២ដុល្លា។

សេចក្ដីប្រកាសដដែលបានបន្ថែមថា ក្នុងរយ:ពេល៧ខែ ឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ មានចំនួន២,០៣១,៧៣៤៥ដុល្លា កើនឡើងជាង៥០០ភាគរយ ប្រៀបធៀបក្នុងរយ:ពេលដូចគ្នា នៃឆ្នាំ២០២២កន្លងមក ខណ:ដែលភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រមានចំនួន ៤៣,៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ ជាង៤០០ភាគរយក្នុងរយ:ពេល៧ខែនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here