NBCបញ្ជាក់ថា ការលក់ខុនដូមានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា ១២.៩ភាគរយនៅឆមាសទី១

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការលក់ខុនដូ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងអត្រាកំណើន១២.៩ភាគរយ​ បន្ទាប់ពីថមថយប្រមាណជាង២ឆ្នាំមកនេះ ដោយសារវិបត្តិសាកលជំងឺកូវីដ១៩។ នេះបើយោងតាមរបាការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍ដដែលបានបញ្ជាក់ថា ជារួមចំពោះវិស័យសំណង់ និងអចលនទ្រព្យឃើញថា វិស័យសំណង់បានងើបឡើងមកវិញ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើននៃការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ ០.៤%។

ចំពោះគម្រោងសាងសង់ ដែលទទួលបានការអនុម័ត តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូ​វបានប៉ាន់ស្មានថា មានកំណើន១,៣ដងធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួនគម្រោងបានថយចុះ-៩ភាគរយ។ចំណែកក្នុងវិស័យអចលនទ្រព្យ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានបង្ហាញថា តម្លៃលំនៅឋាននៅកម្ពុជា ពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ។ តម្លៃលំនៅឋាននៅរាជធានីភ្នំពេញ បានកើនឡើង ៦.៩%ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលដែលតម្លៃលំនៅឋាន នៅតាមបណ្តាខេត្តផ្សេងៗកើនឡើង៥.៣%។

អ្វីដែលគួរឲ្យកត់សំគាល់នោះថា វិស័យសំណង់មានការកើនឡើងតិចតួច។ ចំណែកតម្លៃលំនៅឋាននៅកម្ពុជា ពុំសូវមានភាពប្រែប្រួលខ្លាំងនោះទេ ចំពោះសកម្មភាពលក់លំនៅឋាន ជាប្រភេទផ្ទះល្វែង, វីឡាភ្លោះ និងទោល ថយចុះប្រមាណ-៦៤.៧ភាគរយ ក៏ប៉ុន្ដែចំនួននៃការលក់ខុនដូវិញ មានការកំណើនវិជ្ជមានឡើងវិញ ក្នុងអត្រា ១២.៩%។

លោកច្រឹក សុនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានលើកឡើងថា ការកើនឡើងនៃការលក់ខុនដូ ដោយសារតែមានសន្ទុះប្រើប្រាស់ពីអតិថិជនក្នុងស្រុក មានន័យថា ពីមុនខុនដូត្រូវបានពឹងផ្អែកទាំងស្រុងលើអតិថិជនក្រៅស្រុក ប៉ុន្ដែពេលនេះមានទាំងអតិថិជនក្នុងស្រុក ជាហេតុធ្វើឲ្យការលក់មានការកើនឡើង។

លោកបានបន្ថែមថា កត្តាមួយអ្វីទៀត គឺធនាគារបានរឹតបន្ដឹងខ្លាំងលើកម្ចីទិញផ្ទះ ប៉ុន្ដែចំពោះការទិញខុនដូភាគច្រើន ទទួលបានឥណទានពីបុត្រសម្ព័ន្ធ ឬធនាគារនៃម្ចាស់គម្រោងតែម្ដង។ និយាយចំពោះតម្លៃខុនដូ មិនមានការធ្លាក់ចុះឬកើនឡើងឡើយ មានតែការ Promotion មួយចំនួនប៉ុណ្ណោះ។

លោកច្រឹក សុខនីមបានបញ្ជាក់ថា “អ្វីដែលជំរុញខ្លាំង ធ្វើឲ្យការលក់ខុដូកើនឡើង ដោយសារតែមានការគាំទ្រ ពីអតិថិជនក្នុងស្រុក ដែលជាផ្នែកធំ ក្នុងការជំរុញលើការលក់ខុនដូ”។ លោកបន្ថែមថា “បច្ចុប្បន្នប្រជាពលរដ្ឋ ទទួលបានការយល់ដឹងច្រើនពីតម្រូវការ និងអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here