ដំណឹងល្អៈ អ្នកធុរកិច្ចចិន សឹង្ហបុរី និងកូរ៉េកាន់តែច្រើនមកស្វែង រកឱកាសវិនិយោគនៅកម្ពុជា

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រោយលទ្ឋផលឆ្នោតបញ្ចប់ និងត្រៀមបង្កើតរដ្ឋាភិបាលថ្មី សញ្ញាវិជ្ជមានបានកើតមានឡើង ដោយអ្នកវិនិយោគអន្តរជាតិ ពិសេសពីប្រទេសចិន សឹង្ហបុរី និងកូរ៉េបានមកស្វែងរកុំឱកាសធ្វើធុរកិច្ចនៅកម្ពុជា។

ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុននានាចំនួន ២៣រូប​ទៀត ​បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ​ដើម្បីស្វែងយល់អំពីសក្តានុពលទីផ្សារ និងការវិនិយោគ ជាពិសេសស្វែងរកកិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា​ ​បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នៃរដ្ឋសភា។

ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរី និង​តំណាងក្រុមហ៊ុន​របស់សិង្ហបុរីទាំងនេះ បានចូលជួបពិភាក្សាការងារ ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៣​ ដើម្បីជម្រាបជូនពីបេសកកម្មបំពេញការងារ ពិសេសការស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ​ដំណើរទស្សនកិច្ចនេះ បានគូសបញ្ជាក់អំពីការទុកចិត្ត មកលើភាពចាស់ទុំផ្នែកនយោបាយរបស់​កម្ពុជា និងប្រជាជនកម្ពុជា ដែលបានប្តេជ្ញាការពា​រ សុខសន្តិភាព ការអភិវឌ្ឍន៍ និងប្រជាធិបតេយ្យ ក្នុងខណៈដែលកម្ពុជា ទើបបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអនុលោមតាមច្បាប់ជាធរមាន ដោយអត្រាប្រជាជនចេញទៅបោះឆ្នោតខ្ពស់ រហូតដល់៨៤.៥៨% លើសពីការបោះឆ្នោត៤ដងកន្លងមក គិតតាំងពីឆ្នាំ ២០០៣ ។

លោកអូ​ន ព័ន្ឋមុនីរ័ត្នបានបន្តថា ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធធុរកិច្ចសិង្ហបុរីនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ ធុរជន និងវិនិយោគិនសិង្ហបុរី អំពីប្រទេសកម្ពុជា ដែលកម្ពុជាបានគ្រប់គ្រងយ៉ាងល្អនូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងបើកឱកាសឱ្យវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិ ត្រឡប់ចូលកម្ពុជាវិញ សម្រាប់ចូលរួមក្នុងការស្តាសេដ្ឋកិច្ចឡើងវិញ។

ជាមួយគ្នានេះ កាលពីចុងខែ កក្កដា ប្រតិភូអ្នកធុតរកិច្ចកូរ៉េមួយក្រុមបានមកសិក្សាលទ្ឋភាព និងឱកាសវិនិយោគនៅកម្ពុជាផងដែរ។

ជំនួបនោះ បានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយអ្នកធុរកិច្ចកូរ៉េមួយក្រុម ដែលចង់វិនិយោគលើបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងវិស័យទូរគមនាគមន៍។ប្រតិភូកូរ៉េ ក៏បានសិក្សាពីលទ្ឋភាពវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ សំណង់ និងអចលនវត្ថុផងដែរ។

អ្វីកាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត លោកជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) សមាគមពាណិជ្ជកម្មកម្ពុជា-ណឹងប៉ បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន តាមរយៈការវិនិយោគក្នុងវិស័យ (១) ឧស្សាហកម្ម (២) កម្មន្តសាល ជាពិសេស ការផលិតក្រណាត់ និងអំបោះ (៣) បច្ចេកវិទ្យា (៤) ពាណិជ្ជកម្ម និង (៥) អចលនទ្រព្យ។លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ ដែលដឹកនាំគណៈប្រតិភូវិនិយោគ១៥ក្រុមហ៊ុន មកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ក្រុមវិនិយោគិនចិន នៅក្រុងណឹងប៉ ឱ្យមកសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ, កាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា។

លោកជា វុទ្ឋីបានបញ្ជាក់ថា នេះជាគណៈប្រតិភូវិនិយោគិនចិនទីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានបញ្ចប់ដោយរលូន សន្តិភាព មានយុត្តិធម៌ និងតម្លាភាព។លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូ នឹងច្បាមយកកាលានុវត្តភាពជាអតិបរមា ពីការវិនិយោគលើវិស័យគន្លឹះនានា ដែលកម្ពុជាមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុន ជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន  ដើម្បីចាប់យកទីផ្សារ ដែលពោរពេញដោយថាមវន្ត និងរួមចំណែក ដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ។លោក Boris Xue ប្រធានសភាពាណិជ្ជកម្មក្រុងណឹងប៉ បានសម្តែងនូវសុទិដ្ឋិនិយម ចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយបានជម្រាបជូនថា ក្រុមហ៊ុនប្រមាណជាង៤០ទៀត នឹងមកស្វែងយល់ពីសក្តានុពល វិនិយោគជាក់ស្តែងនៅកម្ពុជា ក្នុងពាក់កណ្តាលខែសីហានេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here