ពលរដ្ឋហុងកុងសម្រុកទៅប្រទេសថៃ ដើម្បីទិញផ្ទះតម្លៃថោកៗសម្រាប់ពួកគេរស់នៅ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: កត្តាតម្លៃរស់នៅទាប និងរបៀបរស់នៅដ៏ល្អប្រសើរ កំពុងទាក់ទាញពលរដ្ឋហុងកុង កាន់តែច្រើនឱ្យផ្លាស់ទីលំនៅទៅកាន់អ្វី ដែលពួកគេហៅថា ទឹកដីនៃស្នាមញញឹម នៅក្នុងប្រទេសថៃ។

លោក David Chan ដែលមានវ័យ៣១ឆ្នាំ បានផ្លាស់ទីលំនៅទៅប្រទេសថៃ ក្នុងឆ្នាំ២០១៩ ហើយពេលនេះ លោកកំពុងធ្វើការជាភ្នាក់ងារអចលនទ្រព្យម្នាក់។ លោកបានជួយដល់ពលរដ្ឋហុងកុងផ្សេងទៀត ក្នុងការស្វែងរកអចលនទ្រព្យ និងតាំងទីលំនៅក្នុងប្រ​ទេស​ថៃ។

លោកបានបន្តថា “ប្រពន្ធរបស់ខ្ញុំដែលជាជនជាតិថៃ មិនសប្បា​យចិត្តនឹងការរស់នៅ ក្នុងទីក្រុងហុងកុងនោះទេ។ ដូច្នេះហើយ នៅពេលដែលភាពចលាចលនយោបាយ ក្នុងឆ្នាំ២០១៩ បានផ្ទុះឡើង ពួកយើងបានសម្រេចចិត្ត ផ្លាស់ទៅកាន់ទីក្រុងបាងកក”។ លោកបញ្ជាក់ទៀតថា “ចាប់តាំងពីពេលនោះមក ខ្ញុំបានសង្កេតឃើញអំពី ការហក់ឡើងរហូតដល់ទៅ៣០ភាគរយ នៃតម្រូវការ និងការសាកសួរពីប្រជាជនហុងកុង ដែលចង់ផ្លាស់ប្តូរទីលំនៅរបស់ពួកគេមកកាន់ប្រទេសថៃ”។

លោក Chan បានអះអាងថា តម្លៃផ្ទះនៅប្រទេសថៃស្មើប្រហែ​លនឹង១ ភាគ៤នៃតម្លៃផ្ទះនៅក្នុងទីក្រុងហុងកុង ហើយចំពោះគ្រួសារដែលមានកូនតូចៗ គឺពួកគេអាចស្វែងរកកន្លែងសិក្សា នៅតាមសា​លា​អន្តរជាតិបានយ៉ាងងាយស្រួលផងដែរ។

លើសពីនេះទៀត ពលរដ្ឋហុងកុងជាច្រើនបាន និងកំពុងប្រើប្រាស់កម្មវិធីស្នាក់នៅផ្សេងៗរបស់ប្រទេសថៃ ដែលអនុញ្ញាតឱ្យពួកគេអាចស្នាក់នៅរយៈពេលវែងបាន នៅក្នុងប្រទេសនេះ រួមជាមួយនឹងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

កម្មវិធីទាំងនោះរួមមាន គម្រោងទិដ្ឋាការស្នាក់នៅរយៈពេលវែង ដែលរដ្ឋាភិបាលថៃ បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីទាក់ទាញអ្នកវិនិយោគ ដែលមានទ្រព្យស្តុកស្តម្ភចំនួន១លាននាក់ ឬជនបរទេស ដែលមានទេពកោសល្យខ្ពស់ ឱ្យចូលមកកាន់ប្រទេសថៃ ក្នុងរយៈពេល៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here