តំបន់អាស៊ានកំពុងងាកទៅរកប្រទេសរុស្ស៊ី និងចក្រភពអង់គ្លេសដើម្បីជំរុញកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាមេដឹកនាំតំបន់អាស៊ាន ​កំពុង​បង្កើន​កិច្ច​ពិភាក្សា​ជាមួយ​ចក្រភព​អង់គ្លេស និង​ប្រទេសរុស្ស៊ី ក្នុង​គោល​បំណង​ ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​ខាងផ្នែកសេដ្ឋកិច្ច។

លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មបានលើកឡើងថា លោក Duangarthit Nidhi-u-tai អគ្គនាយករងនៃនាយកដ្ឋាននេះ ត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកិច្ចប្រជុំ មន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន -ចក្រភពអង់គ្លេសលើកទី៤ (SEOM) កិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន- រុស្ស៊ីលើកទី១៥ និងកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មអាស៊ាន -អឺរ៉ុបលើកទី៣១ ដែលធ្វើឡើងក្នុងអំឡុងថ្ងៃទី១៤-១៦ ខែកក្កដា នៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី។

គោលបំណងគឺដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃផែនការសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការរៀបចំសម្រាប់កិច្ចប្រជុំ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-អង់គ្លេស អាស៊ាន-រុស្ស៊ី និងអាស៊ាន-អឺរ៉ុប នាខែសីហានេះផងដែរ។

លោក Duangarthit បានមានប្រសាសន៍ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-អង់គ្លេស(SEOM)ថា ភាគីទាំងពីរបានពិនិត្យវឌ្ឍនភាព នៃផែនការសហប្រតិបត្តិការរវាងឆ្នាំ ២០២២-២០២៣ ដោយផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ តាមរយៈកិច្ចសហប្រតិបត្តិការចំនួន១១ ដូចជា ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន-ចក្រភពអង់គ្លេស ការបើកទីផ្សារ ការច្នៃប្រឌិតឌីជីថល និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs)។

លើសពីនេះទៀត ភាគីទាំង២ក៏បានពិភាក្សាគ្នា អំពីគម្រោងដែលមានគោលបំណង លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន សេវាកម្មហិរញ្ញវត្ថុ និងកំណើនប្រកបដោយចីរភាពផងដែរ។ លទ្ធផល​នៃ​ការ​ពិភាក្សា​ទាំងនេះ ​នឹង​ត្រូវ​បង្ហាញ​ជូន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​-​អង់គ្លេស ​ដើម្បី​ពិចារណា​ក្នុង​ខែសីហា​។

ទាក់ទងទៅនឹង កិច្ចប្រជុំ ASEAN-Russia SEOM អ្នកចូលរួមបានពិភាក្សាអំពីផែនការ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងរុស្ស៊ី និងផែនការសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here