ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនសកលនានា រាប់ចាប់ពីក្រុមហ៊ុនទំនិញប្រើប្រាស់ខ្នាតយក្សUnilever រហូតដល់ក្រុមហ៊ុនផលិតរថយន្តជប៉ុនNissan និងក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនអាមេរិក Caterpillar សុទ្ធ តែបានព្រមានពីការធ្លាក់ចុះ នៃប្រាក់ចំណូលនៅក្នុងប្រទេសចិន ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងបាត់បង់សន្ទុះ។
ការស្ទុះងើបឡើងវិញជាបន្តនៃសេដ្ឋកិច្ចចិន ហាក់នៅមានកម្រិតនៅឡើយ ចំពោះវិស័យមួយចំនួនតូច ដូចជា ការបរិភោគអាហារ និងទំនិញប្រណីត ដែលបានជួយជំរុញដល់កំណើន នៃការលក់របស់ក្រុមហ៊ុន Starbucks និងក្រុមហ៊ុន LVMH នៅក្នុងប្រទេសចិន។
-->
ក្រុមហ៊ុនទាំងនោះបានសម្រេចចិត្ត មិនបង្កើនទស្សនវិស័យរបស់ពួកគេទៅលើប្រទេសចិននោះទេ ដោយពួកគេកំពុងប្រុងប្រយ័ត្នចំពោះទិន្នន័យសេដ្ឋកិច្ច ខណៈដែលក្រុមហ៊ុនលក់ទំនិញប្រើប្រាស់ធំៗដូចជា ក្រុមហ៊ុន Procter & Gamble ក្រុមហ៊ុន L’Oreal និងក្រុមហ៊ុន Coca-Cola បានប្រកាន់ជំហរប្រុងប្រយ័ត្ន។
លោក Graeme Pitkethly ប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Unilever បានមានប្រសាសន៍ថា “អ្វីដែលយើងកំពុងមើលឃើញនោះគឺថា អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន មានការប្រុងប្រយ័ត្នខ្លាំងណាស់ ហើយទីផ្សារអចលនទ្រព្យដាំក្បាលចុះ និងការកាត់បន្ថយតម្រូវការនាំចេញ”។

លោកបានបន្តថា “នៅក្នុងប្រទេសចិន មានអត្រាភាពអត់ការងារធ្វើខ្ពស់ណាស់ ជាពិសេសភាពអត់ការងារធ្វើ របស់យុវជនចិនតែម្តងហើយយើងកំពុងស្ថិតនៅចំណុចទាបបំផុត ជាប្រវត្តិសាស្ត្រទាក់ទងនឹងទំនុកចិត្ត របស់អ្នកប្រើប្រាស់នៅប្រទេសចិន”។
លើសពីនេះ ក្រុមហ៊ុនផលិតរថយន្តសកលនានា ក៏ត្រូវប្រឈមមុខនឹងការកើនឡើង នៃការប្រកួតប្រជែងក្នុងស្រុកផងដែរ។ជាក់ស្តែង កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានកាត់បន្ថយគោលដៅលក់រថយន្ត ពេញមួយឆ្នាំរបស់ខ្លួន ដោយសារការលក់រថយន្តនៅក្នុងប្រទេសចិន ដែលជាទីផ្សារកំពូលរបស់ខ្លួនបានធ្លាក់ចុះខ្លាំង ។
លោក Makoto Uchida នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តជប៉ុនNissan បានអះអាងកាលពីសប្តាហ៍មុនថា “ជាអកុសលទស្សនវិស័យ នៃការលក់រថយន្តរបស់យើង នៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះទាបជាងសមត្ថភាពផលិតរបស់យើង”។
លោកបានបញ្ជាក់ទៀតថា ការងើបឡើងវិញនៃប្រាក់ចំណូលនៅក្នុងទីផ្សារ រថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ក៏ទំនងជាត្រូវការពេលវេលាតទៅមុខបន្ថែមទៀតផងដែរ។
បើគិតទៅលើវិស័យបច្ចេកវិទ្យាវិញ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗដូចជា Samsung និង SK Hynix បានអះអាងថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន បានបរាជ័យ ក្នុងការជំរុញឱ្យមានការងើបឡើងវិញ នៅក្នុងទីផ្សារស្មាតហ្វូន ហើយក្រុមហ៊ុនទាំង២កំពុងបន្តកាត់បន្ថយការផលិតបន្ទះឈីបអង្គចងចាំ (NAND) ដែលប្រើប្រាស់ក្នុងទូរស័ព្ទដើម្បីរក្សាទុកទិន្នន័យ។
ទន្ទឹមគ្នានេះដែរ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple ដែលគ្រោងនឹងរាយការណ៍ អំពីទំហំប្រាក់ចំណូល នៅថ្ងៃព្រហស្បតិ៍នេះ ក៏ទំនងជានឹងប្រកាសថា ការលក់ទូរស័ព្ទដៃ iPhone របស់ខ្លួន នៅក្នុងប្រទេសចិនបានស្ថិតនៅទ្រឹងផងដែរ៕