ក្រុមអ្នកជំនាញទទូចឲ្យរដ្ឋាភិបាលថ្មីបញ្ចេញកញ្ចប់ឥណទានពិសសដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបានទទូចឲ្យរដ្ឋាភិបាលថ្មី បញ្ចេញកគ្ច​ប់ឥណទានពិសេស ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងមានវិបត្តិ។

ប្រធានក្រុមប្រឹក្សាអភិបាល នៃក្រុមហ៊ុនអចលនទ្រព្យKFA លោកឧកញ៉ានួន រិទ្ឋី បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣ សីហាថា វិស័យអចលនទ្រព្យ ពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរសាច់ប្រាក់ និងចំណូលរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា គួរទម្លាក់កញ្ចប់ថវិកា ឬកញ្ចប់ឥណទានពិសេស ដើម្បីជួយដល់វិស័យនេះ។
លោកបន្តថា “យ៉ាងណារដ្ឋាភិបាល ក៏គួរជួយដល់អ្នកអភិវឌ្ឍន៍ ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ មានគម្រោងច្បាស់លាស់ និងគោលដៅត្រឹមត្រូវ”។លោកបន្តថា “ជាមួយគ្នានេះ ក្រសួងដែនដី នគរូបនីយ​កម្ម និងសំណង់ ក៏គួរតែជំរុញឱ្យដំណើរការនៃការកាត់ប្លង់ ឱ្យបានលឿនជាងមុនផងដែរ”។

ចំណែកលោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា ស្ថានភាពបច្ចុប្បន្ន ពិតជាមានការលំបាកខ្លាំងណាស់ ហេតុនេះរដ្ឋាភិបាលគួរបង្កើតគោលនយោបាយ និងបញ្ចេញ​កញ្ចប់ឥណទានពិសេស ដើម្បីជួយដល់អ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ។ លោកបន្តថា “ក្នុងស្ថានភាពនេះ ខ្ញុំគិតថារដ្ឋាភិបាលគួរបញ្ចេញឥណទានកាន់តែលឿន កាន់តែល្អ”។ជាមួយគ្នានេះ សេដ្ឋវិទូបានលើកឡើងផ្ទុយពីនេះ ដោយហៅស្ថានភាពនេះជាជាវិបត្តិ។លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន និងជាអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រ​សាសន៍ឲ្យដឹងនៅថ្ងៃតែមួយថា ក្នុងរយៈពេលដ៏ខ្លី រដ្ឋាភិបាលមិនអាចធ្វើអីបាននោះទេ គឺមានតែបណ្តោយឱ្យវិស័យអចលនទ្រព្យ បន្តស្ថិតនៅទ្រឹង ជាមួយនឹងការជួយគាំទ្របន្ថែម ជាពិសេសតាមរយៈការចូលរួមចំណែកក្នុងការពន្យា ររយៈពេលនៃការបង់ការប្រាក់ ឬការសងបំណុល ដើម្បីអនុញ្ញាតឱ្យគ្រួសារ អាចចាយវាយបានច្រើនជាងមុនដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកជាមុនសិន។លោកអះអាងថា ចំណែកឯកញ្ចប់ថវិកាវិញ គឺពាក់ព័ន្ធជាមួយនឹងវិស័យសំណង់ មានផ្ទះល្វែងហើយ ទើបរដ្ឋាភិបាលអាចជួយកើត។ ប្រសិនបើវិស័យដីឡូតិ៍វិញ គឺរដ្ឋាភិបាលមិនអាចទៅជួយអ្វីកើតនោះទេ ព្រោះមិនដឹងថា គេយកដីឡូតិ៍នោះទៅធ្វើជាអ្វីកើតនោះទេ ហើយដីនោះមិនមែនជាដីរបស់ខ្លួនឯងទៀត គឺយកដីរបស់គេមកពុះលក់ រួចទើបយកលុយទៅសងម្ចាស់គេ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here