អគារកប់ពពកតម្លៃរាប់ពាន់លានដុល្លារនៅទីក្រុងឌូបៃ កំពុងទាក់ទាញចំណាប់អារម្មណ៍ដេញថ្លៃពីក្រុមហ៊ុនចិន និងម៉ាឡេស៊ី

0

ដោយៈ តែម សុខុម

គូឡាឡាំពួ: ក្រុមហ៊ុនចិន China Investment Corp (CIC) និងក្រុមហ៊ុនម៉ាឡេស៊ី KLCC Property Holdings Bhd ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលស្វះស្វែងដេញថ្លៃទិញយកភាគហ៊ុននៅក្នុងអគារកប់ពពកមួយ មានតម្លៃរាប់ពាន់លានដុល្លារ នៅចំកណ្តាលសង្កាត់ហិរញ្ញវត្ថុនៃក្រុងឌូបៃ។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹង ក្នុងលក្ខខណ្ឌអនាមិកថា ក្រុមហ៊ុនBrookfield Asset Management និងក្រុមហ៊ុន Investment Corp of Dubai ដែលជាម្ចាស់អគារ អាចនឹងលក់ភាគហ៊ុនរហូតដល់ទៅ៤៩%នៅក្នុងអគារការិយាល័យ ICD Brookfield Place ដែលមានក្រុមហ៊ុនល្បីៗជួលនៅទីនោះ រួមមាន ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិកJPMorgan Chase & Co និងធនាគារវិនិយោគអាមេរិក Bank of America Corp ផងដែរ។
អគារការិយាល័យ ដែលជាការបណ្តាក់ទុនរួមគ្នានេះ ទទួលបានការចាប់អារម្មណ៍ ពីក្រុមហ៊ុនធំៗជាង១០ នៅទូទាំងពិភពលោក ដោយក្នុងនោះ រួមមាន ទាំងមូលនិធិ SWF និងមូលនិធិសោធន៍និវត្តន៍ផងដែរ។យ៉ាងហោចណាស់ មានអ្នកដេញថ្លៃម្នាក់ បានបង្ហាញចំណាប់អារម្មណ៍ ចង់ទិញយកអគារនេះទាំងមូល។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត ឈ្មោះ Hassana Investment Co ក៏ស្ថិតក្នុងចំណោមអ្នក ដែលចូលរួមក្នុងកិច្ចចរចាទិញនេះដែរ។

សារព័ត៌មានដ៏ល្បីល្បាញ Bloomberg ធ្លាប់បានរាយការណ៍មុននេះថា ក្រុមហ៊ុនទាំងនេះកំពុងធ្វើការជាមួយ Emirates NBD Capital ដែលជាធនាគាររដ្ឋក្នុងក្រុងឌូបៃ និងក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក JPMorgan Chase & Co ជុំវិញការលក់នេះ។

ប្រភពដដែលឱ្យដឹងថា ការលក់នេះមិនទាន់ឈានដល់ការសម្រេចចុងក្រោយនៅឡើយទេ។ តំណាងក្រុមហ៊ុនម្ចាស់អគារបានបដិសេធ មិនធ្វើអត្ថាធិប្បាយទេជុំវិញរឿងនេះ។ ចំណែកឯតំណាងក្រុមហ៊ុនចិន និងក្រុមហ៊ុនម៉ាឡេស៊ី ក៏មិនបានឆ្លើយតបសំណើសុំធ្វើអត្ថាធិប្បាយនោះដែរ។

អគារ ICD Brookfield Place មាន៥៤ជាន់ជាមួយនឹងកម្ពស់២៨២ម៉ែត្រ។ អគារដែលមានតម្លៃ១ពាន់លានដុល្លារនេះ ត្រូវបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២០៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here