ដោយៈ តែម សុខុម
ហុងកុង: របាយការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ សីហា បង្ហាញថា ចំនួនពលរដ្ឋចិន ដែលសម្រុកទិញអចលនទ្រព្យ ប្រភេទលំនៅឋាននៅសហរដ្ឋអាមេរិក បានកើនឡើងទ្វេរដង ក្នុងរយៈពេល១២ខែមកនេះ គិតត្រឹមខែមីនា ដើមឆ្នាំ២០២៣។
របាយការណ៍ស្តីពី ប្រតិបត្តិការទិញលំនៅឋានជាអន្តរជាតិនៅសហរដ្ឋអាមេរិក ដែលចេញផ្សាយដោយសមាគម ភ្នាក់ងារអចលនទ្រព្យជាតិ (NAR) របស់សហរដ្ឋអាមេរិកបានបង្ហាញថា ប្រាក់ដែលពលរដ្ឋចិន បានចំណាយទៅលើការទិញផ្ទះ នៅសហរដ្ឋអាមេរិក បានកើនឡើង រហូតដល់១៣,៦ពាន់លានដុល្លារ ដោយកើនឡើងពី៦,១ពាន់លានដុល្លារ កាលពីឆ្នាំមុន។របាយការណ៍ដដែលបង្ហាញទៀតថា ការចំណាយជាមធ្យមរបស់ពលរដ្ឋចិន គឺស្ថិតក្នុងរង្វង់៧២៣.២០០ដុល្លារ ដែលស្ទើរតែស្មើទ្វេរដងនៃតម្លៃផ្ទះជាមធ្យម នៅសហរដ្ឋអាមេរិក ក្នុងរង្វង់់៣៨៤.២០០ដុល្លារ ហើយពួកគេភាគច្រើន បានទិញផ្ទះលម្ហែកាយ ឬ ផ្ទះសម្រាប់រស់នៅ។