បណ្ឌិតគី សេរីវឌ្ឍន៍: លើកឡើងពីដំណោះស្រាយក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ឈានដល់កម្រិតកំពូលមួយ ដែលបាននិងកំពុងធ្លាក់ចូលទៅក្នុងវិបត្តិវិញ។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី៣ សីហាថា ក្នុងស្ថានភាពនេះ កម្ពុជាគ្មានដំណោះស្រាយអ្វីក្រៅតែពី បញ្ចុះថ្លៃអចលនទ្រព្យនោះទេ ទើបតម្រូវការអាចងើបឡើងមកវិញបាន ពីព្រោះការផ្គត់ផ្គង់បានកើនលើសពីតម្រូវការរួចមកហើយ។លោកបានបន្តថា “វិបត្តិដើមទុនរបស់ម្ចាស់អចលនទ្រព្យ គឺបណ្តាលមកពីម្ចាស់ទ្រព្យ មិនមានដើមទុនគ្រប់គ្រាន់ នៅក្នុងការទិញលក់អចលនទ្រព្យ ដែលនេះគេហៅថាជា មុខរបរធ្វើនំអត់ម្សៅ ដែលធ្វើឱ្យមានភាពរងគ្រោះ នៅពេលដែលមានវិបត្តិនៃតម្រូវការ ឬការធ្លាក់ចុះនៃតម្រូវការ”។

លោកគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ដូច្នេះ នៅក្នុងពេលបច្ចុប្បន្ននេះ ទោះបីជារដ្ឋាភិបាលខិតខំបែបណាក្តី ក៏មានផលលំបាកក្នុងការស្រោចស្រង់វិស័យនេះឡើងមកវិញដែរ ដោយសារតែវិបត្តិដើមទុនជួបជាមួយវិបត្តិបញ្ហាសេដ្ឋកិច្ចសកល ហើយប្រសិនបើបញ្ហាសេដ្ឋកិច្ចសកលមិនកើតឡើងទេនោះ រដ្ឋាភិបាលអាចលើកទឹកចិត្តឱ្យមានលំហូរដើមទុនពីក្រៅប្រទេស ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនេះបាន។

ទោះបីជាយ៉ាងនេះក្តី  ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក បានធ្វើឱ្យវិបត្តិហូរចូលប្រាក់ដុល្លារ ហើយការបង្កើនការប្រាក់ជាលុយរៀល ដើម្បីទប់ទល់ស្ថានភាពអតិផរណា ក៏បានធ្វើឱ្យជួបវិបត្តិប្រាក់រៀលបន្តទៅទៀតផងដែរ ដោយធ្វើឱ្យការផ្គត់ផ្គង់សាច់ប្រាក់សរុប នៅក្នុងប្រទេសមានការថមថយចុះ។

ចំពោះវិបត្តិ នៃការបិទលំហូរហិរញ្ញវត្ថុរបស់ប្រទេសចិន រដ្ឋាភិបាលមានតែអាចសម្របសម្រួល ជាមួយក្រុមហ៊ុនដើម្បីបញ្ចុះថ្លៃអចលនទ្រព្យ ដើម្បីលក់ និងបង្កើតការជួល ទៅលើវិស័យអចលនទ្រព្យទាំងអស់នេះ។ ប៉ុន្តែយើងពិបាកនៅក្នុងការជួល ដោយសារតែវិបត្តិភាគច្រើន កើតចេញមកពីការពុះដីឡូតិ៍ដែលគ្មានស្តង់ដារ និងមិនមែនជាតំបន់សម្រាប់អភិវឌ្ឍន៍ទីក្រុង ពោលគឺវាគ្រាន់តែដីស្រែ ដែលគេចាក់ដីបំពេញដើម្បីពុះជាដីឡូតិ៍តែប៉ុណ្ណោះ។

លោកបន្ថែមថា “ដូច្នេះហើយ យើងមានតែរង់ចាំពេលវេលាតែប៉ុណ្ណោះ ហើយធ្វើការដោយសន្សឹមៗ ព្រោះរដ្ឋាភិបាលគ្រាន់តែអាចជួយពន្យារកុងត្រាតែប៉ុណ្ណោះ”។

ជាឧទាហរណ៍ថា បើយើងអត់មានដី ហើយយកដីគេមកពុះឡូតិ៍ ចឹងយើងសម្របសម្រួលឱ្យរឿង ហ្នឹងក្លាយជាការពិត តែក៏ត្រូវរង់ចាំពេលវេលាដែរ។ ដូច្នេះ ម្ចាស់ដីត្រូវតែពន្យារកិច្ចសន្យា ជាមួយអ្នកពុះឡូតិ៍ ហើយអ្នកពុះឡូតិ៍ ក៏ពន្យារកិច្ចសន្យាជាមួយមហាជន ដើម្បីទប់ស្ថានការណ៍នេះឱ្យស្ងប់ស្ងាត់ទៅវិញសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here