ដោយ: គង់ លាងហួរ
បាងកក: នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃ (DOH) គ្រោងស្នើសុំការអនុម័តពីគណៈរដ្ឋមន្ត្រី សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន (Motorway) ចំនួន៣ខ្សែ ដែលមានតម្លៃសរុប១០២,៦ពាន់លានបាត(ប្រហែល២,៩៧ពាន់លានដុល្លារ)។
បច្ចុប្បន្ន នាយកដ្ឋាននេះកំពុងអនុវត្តន៍ គម្រោងសាងសង់ផ្លូវហាយវេនានា ក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់រវាងទីក្រុងបាងកក និងតំបន់ផ្សេងទៀត។ គម្រោងទាំងនេះ ក៏មានបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងពេលវេលាធ្វើដំណើរនាពេលអនាគតផងដែរ។
បើយោងតាមលោក Piyapong Jiwattanakulpaisarn អគ្គនាយករង នៃនាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសនេះ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងទាំង៣នោះរួមមានដូចជា ទី១. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Khun Tian ទៅកាន់ស្រុក Bang Bua Thong ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៥៦,០៣ពាន់លានបាត។ទី២. គម្រោងផ្លូវល្បឿនលឿន M9 តភ្ជាប់ពីស្រុក Bang Bua Thong ទៅកាន់ស្រុក Bang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន១៥,២ពាន់លានបាត។ទី៣. គម្រោងពង្រីកផ្លូវ Don Muang Tollway តភ្ជាប់ពីស្រុក Rangsit ទៅកាន់ស្រុកBang Pa-in ដែលស្ថិតក្នុងទំហំទឹកប្រាក់ចំនួន៣១,៣ពាន់លានបាត។







