ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានស្នើសុំឱ្យសភាអាមេរិក បន្តឡើងវិញនូវប្រព័ន្ធ GSPរបស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម ដោយសារតែការបន្តឡើងវិញនូវប្រព័ន្ធនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។
ការស្នើសុំដូច្នេះរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងអង្គប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាអាមេរិក ដឹកនាំដោយ លោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាមេរិក (United States House Committee on Ways and Means) និងមានការចូលរួមពីសមាជិក សភាអាមេរិកចំនួន៧នាក់ផ្សេងទៀត។ក្នុងកិច្ចប្រជុំនោះដែរ ក៏មានវត្តមានរបស់ លោក W. Patrick Murphy អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា និងសហការីមួយចំនួនទៀតផងដែរ។
ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាទៅលើវិធីសាស្ត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជម្រាបជូនពីលទ្ធផលនៃការបោះឆ្នោត ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ និងអំពីវឌ្ឍនភាពថ្មីៗ ក្នុងការពង្រីកទីផ្សាររបស់កម្ពុជា ដូចជាការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី ក៏ដូចជាការរៀបចំបរិយាកាសធុរកិច្ច និងវិនិយោគឱ្យរឹតតែប្រសើរឡើង ដើម្បីទាក់ទាញការវិនិយោគ ឱ្យបានរឹតតែច្រើនបន្ថែមទៀត។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគ នៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាព ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក៕