ទីបំផុតប្រទេសចិន សម្រេចបញ្ចុះពន្ធលើស្រូវ Barley របស់អូស្ត្រាលី ក្រោយដំឡើងកប់ពពកអស់៣ឆ្នាំ

0

តែម សុខុម

ស៊ីដនី: ប្រទេសចិន នៅទីបំផុតប្រកាសថា ខ្លួននឹងបញ្ចុះពន្ធលើការនាំចូលស្រូវបាលី (Barley) របស់អូស្ត្រាលី ដែលត្រូវបានដំឡើងកប់ពពករយៈពេល៣ឆ្នាំមកហើយ និងដែលបានប៉ះពាល់ដល់ទំហំពាណិជ្ជកម្មរាប់ពាន់លានដុល្លារ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អែនថូនី អាល់បានីស (Anthony Albanese) បានបង្ហាញជំហរស្វាគមន៍ចំណាត់ការនេះដោយក្ដីរីករាយ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៤ សីហា។

រដ្ឋាភិបាលក្រុងកង់បេរ៉ា ក៏បានបញ្ជាក់ជំហរផងដែរថា ខ្លួននឹងព្យួរសំណុំរឿងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធដែលរដ្ឋាភិបាលភិបាលក្រុងប៉េកាំង បានដំឡើងកប់ពពកលើស្រូវ Barley របស់ខ្លួន។នៅក្នុងសញ្ញាវិជ្ជមានមួយទៀតនៃទំនាក់ទំនងប្រេះឆារវាងប្រទេសទាំងពីរ អូស្ត្រាលី ក្នុងសប្តាហ៍នេះបានអញ្ជើញរដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសចិន មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសនេះ។ក្រសួងពាណិជ្ជកម្មចិន និយាយថា ពន្ធគយលើស្រូវ Barley របស់អូស្ត្រាលី នឹងត្រូវបញ្ចុះចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះតទៅ។ក្រសួងពាណិជ្ជកម្មចិន និយាយថា “ដោយមើលឃើញពីការប្រែប្រួលក្នុងទីផ្សារស្រូវ Barley របស់ប្រទេសចិន វាលែងចាំបាច់ទៀតហើយក្នុងការបន្តការដំឡើងពន្ធកប់ពពកលើស្រូវ Barley ដែលនាំចូលពីប្រទេសអូស្ត្រាលី”។មុនពេលពន្ធនេះត្រូវបានដំឡើង រដ្ឋាភិបាលអូស្ត្រាលី បានប៉ាន់ប្រមាណថា ការនាំចេញស្រូវ Barley ទៅកាន់ប្រទេសចិន មានទំហំជាមធ្យមប្រហែល១,២ពាន់លានដុល្លារអូស្ត្រាលី ឬ ៧៩០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំង បានដំឡើងពន្ធកប់ពពកលើទំនិញនាំចេញសំខាន់ៗរបស់អូស្ត្រាលី ដូចជាស្រូវ Barley សាច់គោ និងស្រា ក៏ដូចជាការរឹតបន្តឹងក្រៅផ្លូវការលើការនាំចេញបង្កង និងសាច់ពីកន្លែងសម្ងួតមួយចំនួនផងដែរ។

ពេលនេះរដ្ឋាភិបាលក្រុងកង់បេរ៉ា កំពុងជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង បញ្ចុះពន្ធលើស្រារបស់អូស្ត្រាលី ដែលជាកម្មវត្ថុនៃបណ្តឹងដាច់ដោយឡែកមួយដាក់នៅអង្គការពាណិជ្ជកម្មពិភពលោក WTO៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here