តែម សុខុម
វៀងចន្ទន៍: គ្រួសារពលរដ្ឋឡាវ ពេលនេះកំពុងរស់ទាំងត្រដាបត្រដួសដោយសារជួបវិបត្តិហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរទៅៗ ខណៈថ្លៃចំណាយជីវភាពបន្តកើនឡើង រូបិយប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃ រួមជាមួយអតិផរណាហក់ឡើងខ្ពស់។
ការធ្លាក់ថ្លៃនៃប្រាក់គីប (Kip) របស់ឡាវ នៅតែជាកត្តាចម្បងដែលធ្វើឱ្យអត្រាអតិផរណាហក់ឡើងខ្ពស់ ធ្វើឱ្យទំនិញ និងសេវាកម្មឡើងថ្លៃ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៤ សីហា។
ការស្ទង់មតិដែលធ្វើឡើងដោយធនាគារពិភពលោក (World Bank) បង្ហាញថា ជាង៣ភាគ៤នៃគ្រួសារពលរដ្ឋឡាវ ដែលរងផលប៉ះពាល់នៅក្នុងប្រទេសនេះបានបង្ខំចិត្តកាត់បន្ថយការហូបចុក ឬ ងាកទៅទិញអាហារណាដែលមានតម្លៃថោកៗដើម្បីជាការសន្សំសំចៃ ខណៈជាងពាក់កណ្តាលនៃពលរដ្ឋទាំងនោះបានកាត់បន្ថយការចំណាយរបស់ពួកគេលើផ្នែកសុខភាព និងការអប់រំ។យោងតាមរបាយការណ៍ស្ទង់មតិខាងលើបង្ហាញថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឡាវ សម្រេចបានកំណើន២,៧%ក្នុងឆ្នាំ២០២២ ដោយសារកំណើនក្នុងវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត។ ទោះជាយ៉ាងណា ថ្លៃទំនិញសំខាន់ៗដូចជាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលជាដើមក៏បានហក់ឡើង៣៧,៨%ផងដែរក្នុងមួយឆ្នាំៗ។
មួយចំនួនធំនៃពលរដ្ឋដែលរងផលប៉ះពាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចនេះ រួមមានគ្រួសារពលរដ្ឋដែលមានប្រាក់ចំណូលទាបដល់មធ្យម រួមទាំងអ្នកលក់លក់រាយដែលពិបាកនឹងទប់ទល់ការឡើងថ្លៃផលិតផលផងដែរ។
អ្នកកស្រី សូណេ (Sone) ម្ចាស់ហាងលក់ទំនិញមួយនៅក្នុងរដ្ឋធានីវៀងចន្ទន៍ បានត្អួញត្អែរថា “ការចំណាយលើជីវភាពរបស់ខ្ញុំគឺខ្ពស់កប់ពពក។ សូម្បីទំនិញសំខាន់ៗដូចជាប្រេងឆាក៏បានឡើងថ្លៃទ្វេដងដែរ”។
អ្នកស្រីបានបន្ថែមទៀតថា អាជីវករនៅផ្សារលក់បន្លែស្រស់ៗក៏ប្រឈមនឹងបញ្ហាដូចគ្នាដែរ ប៉ុន្តែពួកគេមានសម្ពាធខ្លាំងជាងដោយសារពួលគេមានបំណុលដែលត្រូវទូទាត់សងភ្លាមៗ៕ Laotian Times៕