Hattha top Banner

ក្រសួងប្រៃសណីយ៍គ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន៥៥៨ទូទាំងប្រទេស

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងគ្រោងសាងសង់មជ្ឈម​ណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យចំនួន៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាពផ្នែកឌីជីថល។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត និងលោកPARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធកម្មវិធីវិញ្ញាបនបត្រ វិទ្យាសាស្ត្រទិន្នន័យ (Data Science) របស់អង្គការយូណេស្កូ (University Twinning and Networking-UNITWIN) កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ក៏មានពិធីចុះអនុស្សរណៈយោគយល់ រវាងសាក​លវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមាន សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីផងដែរ។លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀត នៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

លោកបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយ ដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents» ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍ លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការកសាងធនធានមនុស្ស ឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅវិទ្យាល័យចំនួន៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញ និងការបង្កើនសមត្ថភាព ផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សា​នុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ជឿជាក់ថា កម្មវិធីវិញ្ញាបនបត្រនឹងផ្តល់ឲ្យយុវជនកម្ពុជា កាន់តែច្រើនឡើងទទួលនូវចំណេះដឹង ដ៏ទំនើបនេះ។លោករដ្ឋមន្ត្រីសង្ឃឹមថា កម្មវិធីនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់វប្បធម៌បន្តរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវ​ជ្រាវរបស់គ្រឹះស្ថានសិក្សាដៃគូទាំងអស់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ ជាអតិបរមានៃវិទ្យាសាស្ត្រទិន្នន័យ សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here