ដោយ: គង់ លាងហួរ
ភ្នំពេញ: នៅក្នុងរបាយការណ៍មួយ ដែលធ្វើឡើងដោយវេបសាយcable.co.uk បានរាយការណ៍ និងប្រៀបធៀបអំពីល្បឿនអ៊ីនធឺណេតរបស់បណ្តាប្រទេសចំនួន២២០នៅលើពិភពលោក។
ជាក់ស្តែង កម្ពុជាក៏បាននាំមុខប្រទេសឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ាក្នុងតារាងចំណាត់ថ្នាក់ល្បឿន អ៊ីនធឺណិតលើសកលលោក ដែលធ្វើឡើងដោយវេបសាយ cable.co.ukនេះផងដែរ។
វេបសាយខាងលើ បានវាយតម្លៃចំណាត់ថ្នាក់ល្បឿនអ៊ឺនធឺណេតលើសាកលលោក ដល់បណ្តាប្រទេសចំនួន២២០ ដោយក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤៩ ។
នៅក្នុងរបាយការណ៍នោះបញ្ជាក់ថា កម្ពុជាមានល្បឿនដោនឡូដជាមធ្យម១៤,៦៨ Mbps ដោយផ្អែកតាមការធ្វើតេស្តសរុបចំនួន៨៤.១៧៨លើកផ្សេងៗគ្នា ហើយរយៈពេលដែលត្រូវចំណាយលើការដោនឡូដភាពយន្តទំហំ៥GB ត្រូវប្រើពេល៤៦នាទី និង៣០វិនាទី។
ចំណែកឯ ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់ទី១៥២ ដែលមានល្បឿនដោនឡូត ជាមធ្យម១៤,៣០Mbps ហើយរយៈពេលដែលត្រូវចំណាយ លើការដោនឡូដភាពយន្តទំហំ៥GB ត្រូវប្រើពេល៤៧នាទី និង៤៤វិនាទី។
ប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី១៨១ ដែលមានល្បឿនដោនឡូដជាមធ្យម៩,០២Mbps ហើយរយៈពេលដែលត្រូវចំណាយលើការដោនឡូដភាពយន្តទំហំ៥GB ត្រូវប្រើពេល១ម៉ោង១៥នាទី និង៤២វិនាទី។
ទោះបីជាយ៉ាងនេះក្តី បើយើងគិតត្រឹមតែតំបន់អាស៊ាន ដែលមានប្រទេសជាសមាជិកចំនួន១០ យើងសង្កេតឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី៨ ខណៈឥណ្ឌូនេស៊ីជាប់លេខ៩ និងមីយ៉ាន់ម៉ាជាប់លេខ១០។
ចំណែកឯប្រទេសសិង្ហបុរី បានជាប់លេខ១ ថៃជាប់លេខ២ ហ្វីលីពីនជាប់លេខ៣ ម៉ាឡេស៊ីជាប់លេខ៤ ប្រ៊ុយណេជាប់លេខ៥ វៀតណាមជាប់លេខ៦ និងប្រទេសឡាវជាប់លេខ៧៕






