សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងបន្តកើនឡើងនៅក្នុងត្រីមាសទី២ ទោះជាតម្រូវការពិភពលោកដាំក្បាលចុះ

0

ដោយ: គង់ លាងហួរ
តូក្យូ: យោងតាមការស្ទង់មតិរបស់សារពត៌មាន Reuters បានឱ្យដឹងថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនអាចនឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,១ភាគរយនៅត្រីមាសទី២ ដែលជាការកើនឡើងចំនួន៣ត្រីមាសជាប់ៗគ្នា ដោយសារភាពធន់ក្នុងការនាំចេញ ទោះបីជាតម្រូវការពិភពលោកធ្លាក់ចុះយ៉ាងណាក្តី។

ការកើនឡើងនេះគឺស្របតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២,៧ភាគរយនៅក្នុងត្រីមាសទីមួយ។ ប៉ុន្តែ បើផ្អែកលើមូលដ្ឋានធៀបនឹងត្រីមាស សេដ្ឋកិច្ចជប៉ុនប្រហែលជាកើនឡើងត្រឹមតែ០,៨ភាគរយប៉ុណ្ណោះនៅក្នុងត្រីមាសទី២។

លោក Shinichiro Kobayashi សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Mitsubishi UFJ Research & Consulting បានមានប្រសាសន៍ថា “ទិន្នន័យនេះនឹងបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យម រួមជាមួយនឹងសន្ទុះនៃការប្រើប្រាស់ និងការចំណាយមូលធន”។

យោងតាមការស្ទង់មតិបានបង្ហាញថា តម្រូវការខាងក្រៅទំនងជាបានកើនឡើង០,៩ភាគរយក្នុងត្រីមាសទី២ បន្ទាប់ពីបានធ្លាក់ចុះ០,៣ភាគរយក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ការចំណាយមូលធនត្រូវបានគេរំពឹងថានឹងកើនឡើង០,៤ភាគរយក្នុងត្រីមាសទី២ បន្ទាប់ពីកើនឡើង១,៤ភាគរយក្នុងត្រីមាសទី១ ហើយការប្រើប្រាស់ឯកជនអាចកើនឡើង០,១ភាគរយក្នុងត្រីមាសទី២ ពោលគឺថយចុះបើធៀបនឹងកំណើន០,៥ភាគរយក្នុងត្រីមាសទី១។

លោក Ryutaro Kono ប្រធានសេដ្ឋវិទូជប៉ុនប្រចាំនៅក្រុមហ៊ុន BNP Paribas បានលើកឡើងថា “ការប្រើប្រាស់បាននឹងកំពុងស្ទុះងើបឡើងវិញ ជាចម្បងសម្រាប់ឧស្សាហកម្មសេវាកម្ម ស្របពេលដែលដំណើរការសេដ្ឋកិច្ចបានបើកឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here