ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិត្រៀមសម្រុកពង្រីកផ្លូវហោះហើរក្នុងតំបន់អាស៊ី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមសារពត៌មាន VNexpress បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានា នៅតំបន់អាស៊ីអាគ្នេយ៍ កំពុងរៀបចំពង្រីកចំនួនជើងហោះហើរយ៉ាងច្រើន ដោយសារតម្រូវការភ្ញៀវទេស​ចរណ៍បន្តកើនឡើង។

អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) មានគោលបំណងទាញយកប្រយោជន៍ពីនិន្នាការនេះ ដោយកំណត់គោលដៅទៅលើទីផ្សារ “CIA” ដែលរួមមានប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសអាស៊ាន។ជាក់ស្តែង ប្រទេសថៃបានដាក់ចេញគោលដៅ ប្រកបដោយមហិច្ឆតា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យបានចំនួន២៥លាននាក់នៅឆ្នាំនេះ និង៣៥លាននាក់នៅឆ្នាំក្រោយ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងកើនឡើងនេះ ក្រុមហ៊ុន Thai Lion Air គ្រោងបើកជើងហោះហើរប្រចាំថ្ងៃ ចំនួន៦ឡើងវិញ ពីទីក្រុងបាងកក ទៅកាន់ទីក្រុងនានារបស់ប្រទេសចិន ដូចជាទីក្រុង Guangzhou ទីក្រុង Chengdu និងទីក្រុង Shanghai ។ 

លើសពីនេះទៀត ពួកគេនឹងចាប់ផ្តើមបើកជើងហោះហើរឡើងវិញ ទៅកាន់ទីក្រុងតូក្យូពីទីក្រុងបាងកក ហើយសកម្មភាពទាំងនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែសីហានេះ។

លើសពីនោះ ក្រុមហ៊ុន EVA Airways ក៏កំពុងចូលរួមក្នុងសកម្ម​ភាពនេះផងដែរ ដោយមានបំណងលើកកម្ពស់ប្រទេសថៃ ជាគោលដៅទេសចរណ៍កំពូល តាមរយៈបណ្តាញហោះហើរ ដ៏ធំទូលាយរបស់ខ្លួន ដែលគ្របដណ្តប់ទាំងលើតំបន់អាស៊ី អាមេរិកខាងជើង អឺរ៉ុប និងអូស្ត្រាលី។ទន្ទឹមគ្នានេះ ក្រុមហ៊ុន Nok Air កំពុងរៀបចំបើកជើងហោះហើរទៅកាន់ប្រទេសសិង្ហបុរីឡើងវិញ ហើយក្រុមហ៊ុនAir Asia ក៏កំពុងរៀបចំផែនការហោះហើរ ពីទីក្រុងបាងកក ទៅកាន់ទីក្រុង Cebu របស់​ប្រទេសហ្វីលីពីនផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុន MYAirline មកពីប្រទេសម៉ាឡេស៊ីក៏កំពុងពិចារណា បើកជើងហោះហើរអន្តរជាតិ ទៅកាន់អាកាសយានដ្ឋានទីក្រុងបាងកក ក៏ដូចជាសេវាកម្មទៅកាន់គោលដៅ ពេញនិយមរបស់ប្រទេសថៃ ដូចជា ខេត្តភូកេត ខេត្តឈៀងម៉ៃ ខេត្តក្រាប៊ី និងកោះសាមុយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here