ដោយ: គង់ លាងហួរ
ភ្នំពេញ: លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal(KFA) បានមានប្រសាសន៍ថា កម្ពុជាទទួលបានជោគជ័យ ក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះដែលបានបង្កបរិយាកាសល្អប្រសើរ ដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅប្រទេស។
លោកឧកញ៉ាបានបន្តថា ទោះជាយ៉ាងណាក្តី ក៏មានផលប៉ះពាល់មួយចំនួន ទៅលើវិស័យអចលនទ្រព្យផងដែរ ដោយសារតែចរន្តនៃពិភពលោក ដូចជា វិបត្តិជំងឺកូវីដ-១៩ និងសម្ពាធនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យពិភពលោកទាំងមូល មានការរំខាន។
លោកឧកញ៉ានួន រិទ្ឋីបានរំលឹកថា កាលពី១០ឆ្នាំមុន ប្រជាពលរដ្ឋកម្ពុជា បានទៅដកលុយចេញពីធនាគារ និងរៀបចំចាកចេញពីប្រទេស ដោយសារការភ័យខ្លាច អំពីអស្ថិរភាពក្រោយការបោះឆ្នោត តែមកទល់ពេលនេះ យើងមានស្ថិរភាពយ៉ាងពេញលេញ ក្រោយការបោះឆ្នោត។ ដូច្នេះ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចទាំងអស់ មានសញ្ញាវិជ្ជមាន តែសញ្ញាវិជ្ជមានទាំងនោះ អាចត្រូវការរយៈពេល២ឆ្នាំទៀតដើម្បីអាចធ្វើឱ្យវិស័យអចលនទ្រព្យងើបឡើងវិញ។

លោកចង្អុលបង្ហាញទៀតថា ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង លោកនឹងមានការគិតគូររិះរកចំណុចថ្មីៗ ដើម្បីស្រូបទាញការវិនិយោគបន្ថែមទៀត។ សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងចិន ក៏នឹងអាចមានភាពស្រាកស្រាន្ត។ ចំណែកសង្គ្រាមរវាងរុស្ស៊ី -អ៊ុយក្រែន ក៏នឹងអាចផុតរលត់ផងដែរ ព្រោះពិភពលោកមិនអាចធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនខ្ទេចខ្ទាំ ដោយសារវិបត្តិទាំងអស់នេះទេ។
លោកឧកញ៉ាបញ្ជាក់ថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការជាប់គាំងទេ គ្រាន់តែដើរយឺតប៉ុណ្ណោះ។ ហើយក្នុងមួយរយៈកាលចុងក្រោយនេះ ការទិញលក់ និងតម្រូវការ នៅតែមានចរន្តដំណើរការ ប៉ុន្តែយើងត្រូវមានភាពបត់បែនខ្លះក្នុងការទូទាត់”។
លោកអះអាងទៀតថា “នៅកម្ពុជា យើងមិនទាន់ជួបប្រទះភាពឆ្អែតក្នុងទីផ្សារនៅឡើយនោះទេ។ ដូច្នេះតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតែមាន ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺជាលំហូរសាច់ប្រាក់”។លោកសង្ឃឹមថា “នៅពេលដែលរដ្ឋាភិបាលថ្មីកើតឡើង វិនិយោគិន នឹងសម្រុកចូលមកកម្ពុជា តាមរយៈសមិទ្ធិផលថ្មីៗ ដូចជាព្រលានយន្តហោះសៀមរាប-អង្គរ តំបន់ទេសចរណ៍កោះរ៉ុងដែលនឹងមានយន្តហោះអាចចុះលើទឹក ដែលក្លាយជារំញោចឡើងវិញសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា”។
លោកឧកញ៉ានួន រិទ្ឋីបានឱ្យដឹងទៀតថា វិស័យអចលនទ្រព្យរបស់យើង បានឈឺជាយូរមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៨មកម្ល៉េះ ហើយរដ្ឋាភិបាល ក៏បានផ្លាស់ប្តូរគោលនយោបាយ មួយចំនួនពាក់ព័ន្ធនឹងការវិនិយោគ និងច្បាប់ផ្សេងៗ ថែមទាំងបានបង្កើតច្បាប់វិនិយោគថ្មីផងដែរ។
លោកឧកញ៉ាបង្ហាញក្តីជឿជាក់ថា ផ្នែកដែលអាចងើបឡើងវិញលឿនគឺផ្នែកទេសចរណ៍ ដែលអាចធ្វើឱ្យវិស័យបដិសណ្ឋារកិច្ចរស់ឡើងវិញ។
លោកបញ្ជាក់ថា “យើងមើលឃើញថា មិនមែនមានតែកម្ពុមួយប៉ុណ្ណោះទេ ដែលរងផលប៉ះពាល់ពីវិបត្តិសកលលោក សូម្បីតែប្រទេសវៀតណាម ក៏រងផលប៉ះពាលខ្លាំង ដោយសារវិស័យអចលនទ្រព្យនេះផងដែរ”។
គិតរហូតមកទល់នឹងនេះ កម្ពុជាយើងនៅតែមានស្ថិរភាពក្រោយឆ្លងកាត់វិបត្តិនានា ដូចជា ជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយសន្តិសុខផ្ទៃក្នុងរបស់ប្រទេសយើង នៅតែមានស្ថិរភាពក្រោមការដឹកនាំរបស់សម្តេចតេជោ។
យ៉ាងណាមិញ លោកសង្ឃឹមយ៉ាងមុតមាំថា “រដ្ឋាភិបាលថ្មី និងគណរដ្ឋមន្ត្រីថ្មី នឹងអាចកែច្នៃស្ថានភាពនេះ ឱ្យកាន់តែល្អប្រសើរឡើង ព្រោះគណរដ្ឋមន្ត្រីថ្មីនេះ សុទ្ធតែជាបញ្ញវ័ន្ត ហើយពួកគាត់នឹងជួយស្រោចស្រង់វិបត្តិដែលកំពុងកើតឡើងទាំងអស់”៕