ប្រទេសចិនដាក់ចេញជំហានថ្មីៗ និងបើកចំហវិស័យមួយចំនួន ដើម្បីជំរុញការវិនិយោគឯកជន

0

ដោយ: គង់ លាងហួរ
ប៉េកាំងៈ  ក្រុមអ្នករៀបចំផែនការរដ្ឋចិនបានដាក់ចេញវិធានការនានា ក្នុងគោលដៅលើកកម្ពស់ រួមទាំងលើកទឹកចិត្ត និងជំរុញការវិនិយោគឯកជនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោងឯកជនផងដែរ។

សេចក្តីប្រកាសចុងក្រោយបំផុតនេះបានធ្វើឡើង ខណៈកាលពីសប្តាហ៍មុនប្រទេសចិនបានប្តេជ្ញាថា ខ្លួននឹងធ្វើឱ្យប្រសើរឡើងនូវវិស័យឯកជន ដោយបានចេញផ្សាយគោលការណ៍ណែនាំដោយបក្សកុម្មុយនិស្ត និងគណៈរដ្ឋមន្ត្រី ។

គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមានបំណងទាក់ទាញទុនឯកជនបន្ថែមទៀត ដើម្បីចូលរួមក្នុងការសាងសង់គម្រោងសំខាន់ៗរបស់ប្រទេសជាតិ។NDRC បានអះអាងថា វិស័យជាច្រើនរាប់ចាប់ពីការដឹកជញ្ជូន ទឹក ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការផលិតកម្រិតខ្ពស់ និងកសិកម្មទំនើប នឹងផ្តល់ឱកាសជូនសម្រាប់អ្នកវិនិយោគឯកជនដើម្បីចូលរួម។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ វិនិយោគិនបាននិងកំពុងភ្នាល់គ្នាលើវិធានការជំរុញបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចចិន ដែលបានចាប់ផ្តើមបាត់បង់សន្ទុះយ៉ាងឆាប់រហ័ស បន្ទាប់ពីការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក្តីជំហានមួយចំនួនដែលអាជ្ញាធរបានប្រកាស មិនទាន់បានធ្វើឱ្យទីផ្សារទទួលផលវិជ្ជមាននោះទេ។

តាមរយៈសេចក្តីណែនាំដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ប្រទេសចិនបានអះអាងថា ខ្លួននឹងបង្កើតប្រព័ន្ធ “ភ្លើងចរាចរណ៍” មួយដើម្បីគូសបញ្ជាក់ឱ្យច្បាស់លាស់អំពីវិស័យណាខ្លះ ដែលអ្នកវិនិយោគឯកជនអាចចូលបណ្តាក់ទុនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here