ដោយៈ ម៉ាលីនណា
ខេត្តកែបៈ ជាខេត្តតូចជាងគេនៅតំបន់ឆ្នេរ ខេត្តកែបមានភាពទាក់ទាញ និងមានតំបន់ទេសចរណ៍សំខាន់ៗជាច្រើន។ លោកនី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មការអន្តរក្រសួង សម្រាប់ការរៀបចំផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តកែប បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៧ សីហា ថា ជាយុទ្ធសាស្រ្ត ខេត្តកែបត្រូវបានកំណត់ជាប៉ូល អភិវឌ្ឍទេសចរណ៍ជា៤ រួមាន ទី១-ប៉ូលទេសចរណ៍តំបន់ក្រុងកែបចាស់ ជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក។
ទី២ -ប៉ូលទេសចរណ៍តំបន់អង្កោល ជាតំបន់ទេសចរណ៍ ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ទី៣-ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ ជាតំបន់កសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្ត និងទី៤ -ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ ជាតំបន់ទេសចរណ៍កោះប្រណិត។
-->
លោកបន្តថា កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ជាច្រើន ដែលត្រូវអភិវឌ្ឍ រួមមាន ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណះ និងទេសភាពបៃតងសាធារណះ។
លោកបន្តថា ព្រឹត្តិការណ៍ទេសចរណ៍ ដែលមានសក្តានុពលនឹងអាចរៀបចំនៅខេត្តកែប រួមមាន ពិធីបុណ្យក្តាមសមុទ្រ ពិធិបុណ្យតូរ្យតន្ត្រី ពិធីបុណ្យពន្លឺ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ ព្រឹត្តិការណ៍ប្រកួតកីឡា ពិធីបុណ្យ I Love Kep Day ពិធីបុណ្យកោងកាង និងពិធីបុណ្យម្រេចជាដើម។
ម្យ៉ាងទៀត ដើម្បីលើកកម្ពស់វិនិយោគនៅខេត្តកែប នឹងរៀបចំឱ្យមានវេទិការ វិនិយោគទេសចរណ៍ខេត្តកែបប្រចាំឆ្នាំ ភូមិគ្រឹះឆ្នេរកែប និងក្រុមការងារពិគ្រោះយោបល់វិនិយោគខេត្តកែប។ លើសពីនោះ ផែនការមេក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត អភិវឌ្ឍធនធានមនុស្ស យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការបង្កើតមជ្ឍមណ្ឌលនវានុវត្តន៍ ទេសចរណ៍តំបន់ឆ្នេរ ដែលជាបណ្តុំខួរក្បាល ចំណេះដឹងបទពិសោធន៍ និងការបង្កើតថ្មីសម្រាប់គាំទ្រ ដល់ការអភិវឌ្ឍទេសចរណ៍។
លោកនី ផល្លី បានបន្តទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកែប ជាគោលដៅទេសចរណ៍ សម្រាកកម្សាន្តធម្មជាតិប្រណីតកម្រិតខ្ពស់ ការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ត្រូវឈរលើទស្សនទាន “ការអភិវឌ្ឍទេសចរណ៍ ត្រូវឈរលើមូលដ្ឋានការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ” និងទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគោល និងអន្តរវិស័យនានា៕
