រដ្ឋាភិបាលថៃពន្លឿនការសិក្សាអំពីលទ្ធភាពនៃការប្រែក្លាយប្រទេសខ្លួនទៅជាមជ្ឈមណ្ឌលស្ថានីយអវកាសសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក

0

ដោយ: គង់ លាងហួរ
បាងកក: អ្នកនាំពាក្យរបស់រដ្ឋាភិបាលគឺលោកស្រី Tipanan Sirichana បានមានប្រសាសន៍ថា រដ្ឋាភិបាលថៃកំពុងពន្លឿនការសិក្សាលទ្ធភាពចូលទៅក្នុងផែយានអវកាស (Spaceport) ដើម្បីអាចរកផលចំណេញបានពីឧស្សាហកម្មនានាដែលពាក់ព័ន្ធនឹងលំហអាកាសនេះ។

លោកស្រីបានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឱ្យក្រុមមន្ត្រីពន្លឿនផែនការនេះ ដើម្បីធ្វើឱ្យប្រទេសថៃអាចទទួលបានអត្ថប្រយោជន៍ពីអាជីវកម្មអវកាស។

ជាក់ស្តែង ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យា បានចាប់ផ្តើមធ្វើការសិក្សាអំពីផែនការនេះកាលពីឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់ការស្រាវជ្រាវក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លោកស្រី Tipanan បានបញ្ជាក់ថា ការសិក្សាដំបូងបានបង្ហាញថា ប្រទេសថៃមានសក្តានុពលក្នុងការសាងសង់កំពង់ផែអវកាស ដោយសារតែទីតាំងភូមិសាស្រ្តរបស់ខ្លួននៅជិតខ្សែអេក្វាទ័រ ដែលនឹងជួយដល់ការបាញ់បង្ហោះរ៉ុក្កែត។

លោកស្រីបានបន្តថា ប្រទេសថៃក៏មានទីតាំងឆ្នេរសមុទ្រចំនួន២នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ ដែលសាកសមសម្រាប់កំពង់ផែអវកាស ហើយសមុទ្រនៅជុំវិញប្រទេសថៃអាចជាតំបន់ចុះចតប្រកបដោយសុវត្ថិភាពសម្រាប់យានអវកាស។ លើសពីនោះ ប្រទេសថៃក៏មានកំពង់ផែទឹកជ្រៅ និងអាកាសយានដ្ឋានអន្តរជាតិនានាផងដែរ។

អ្នកនាំពាក្យរូបនេះបានអះអាងថា កំពង់ផែអវកាសនឹងនាំមកនូវប្រាក់ចំណូលពីឧស្សាហកម្មអវកាស និងជួយអភិវឌ្ឍឧស្សាហកម្មពាក់ព័ន្ធក្នុងប្រទេស រួមទាំងទេសចរណ៍អវកាសផងដែរ។លោកស្រី បន្ថែមទៀតថា “គម្រោងនេះ នឹងជំរុញឱ្យប្រទេសថៃមានភាពឈានមុខគេក្នុងវិស័យសេដ្ឋកិច្ចអវកាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here