តែម សុខុម
ហូជីមិញ: ទីផ្សារខុនដូក្នុងប្រទេសវៀតណាម នៅតែដាំក្បាលចុះខ្លាំងដោយសារការផ្គត់ផ្គង់មានច្រើនលើសលប់ធៀបនឹងតម្រូវការ ហើយអ្នកជំនាញក្នុងឧស្សាហកម្មព្រមានថា ការដាំក្បាលនេះនឹងបន្តរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៥។
ទោះបីជាថ្មីៗនេះមានព័ត៌មានវិជ្ជមានចុះផ្សាយអំពីបទប្បញ្ញត្តិនានារបស់រដ្ឋាភិបាល ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់គម្រោងខុនដូយ៉ាងណាក្ដី ក៏ខុនដូត្រឹមតែ១២២យូនីតប៉ុណ្ណោះដែលត្រូវបានលក់ចេញក្នុងត្រីមាសទី២ ដើមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៧ សីហា។
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យវៀតណាម DKRA Group បង្ហាញថា ស្តុកខុនដូដែលមិនទាន់លក់ចេញមានចំនួនលើសពី៤២.៣០០យូនីតគិតត្រឹមខែមិថុនា ដែលច្រើនជាងឆ្ងាយបើធៀបនឹងស្តុកបូកបញ្ចូលគ្នានៃផ្ទះអាជីវកម្ម (Shop House) និងផ្ទះ Resort Villa មាត់ឆ្នេរទៅទៀត។
របាយការណ៍ដដែលបង្ហាញថា ពេលនេះបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបការលំបាកខ្លាំងក្នុងការលក់ខុនដូទាំងនោះ ហើយប្រឈមបញ្ហាហិរញ្ញវត្ថុដោយសារខ្ចីប្រាក់ពីធនាគារយកមកអភិវឌ្ឍគម្រោងទាំងនេះ។
យោងតាមរបាយការណ៍ដដែលបង្ហាញទៀតថា ការលក់ខុនដូដែលមានស្រាប់ក្នុងឆ្នាំនេះគឺមានសន្ទុះយឺតខ្លាំងដែលជះផលប៉ះពាល់ដល់ទាំងទីផ្សារដំបូង (Primary market) និងទីផ្សារបន្ទាប់ (Secondary market)។
បណ្ដាអ្នកវិនិយោគយល់ថា ពួកគេកាន់តែពិបាកខ្លាំងឡើងនៅក្នុងការលក់ខុនដូរបស់ពួកគេដោយទទួលបានប្រាក់ចំណេញ ជាហេតុដែលនាំឱ្យពួកគេសម្រេចចិត្តដាក់ជួលខុនដូទាំងនោះក្នុងតម្លៃទាប៕ VN News៕