ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការបោះជំហ៊ានវិនិយោគ ត្រូវតែមានមូលដ្ឋានច្បាស់លាស់ ដើម្បីសម្រេចបានជោគជ័យឬបរាជ័យ។លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍បញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី៨ សីហាកន្លងមកថា បើសិនជាយើងទិញហើយ៣ឆ្នាំ រួចលក់ចេញវិញ យើងគួរតែទិញក្នុងតំបន់ទីក្រុង។ តែបើទិញទុក៥ឆ្នាំ រួចលក់ចេញវិញ យើងគួរទិញនៅតំបន់ជាយក្រុង ប៉ុន្តែបើទិញ១០ឆ្នាំ រួចទើបលក់ចេញ យើងទិញនៅទីណាក៏បានដែរ។
លោកឧកញ៉ាបានអះអាងថា “ឆ្នាំ២០២៣នេះ គឺជាឆ្នាំដ៏ល្អបំផុតសម្រាប់អ្នកដែលមានលុយ ក្នុងការទិញអចលនទ្រព្យទុកលក់យកចំណេញ”។ លោកបន្តថា “ប៉ុន្តែវាពិបាកណាស់ សម្រាប់អ្នកខ្សត់សាច់ប្រាក់ ព្រោះចំនួនអ្នកលក់មានច្រើន ជាងអ្នកទិញខ្លាំងពេក ដែលមានន័យថា តម្រូវការតិច ហើយតម្លៃធ្លាក់ចុះ”។
លោកឧកញ៉ាបានឱ្យដឹងទៀតថា បើយើងមានលុយទិញនៅឆ្នាំ២០២៣នេះ ដូច្នេះនៅឆ្នាំ២០២៤ ឬឆ្នាំ២០២៥ខាងមុខ នោះយើងអាចលក់ចេញវិញចំណេញបានច្រើន។ ដូច្នេះបើសិនជាយើងមានលុយ ពេលនេះគឺជាពេលដែលត្រូវទិញតែម្តង។
លោកឧកញ៉ាបន្ថែមថា “នៅពេលសហរដ្ឋអាមេរិក និងចិនច្របាច់ក បិទច្រមុះគ្នា នោះអ្នកដែលរងគ្រោះខ្លាំងជាងគេ មិនមែនជាចិន និងអាមេរិកនោះទេ ប៉ុន្តែគឺប្រទេសតូចៗ ហើយកាលណាប្រទេសតូចៗរងគ្រោះហើយនោះ ប្រទេសធំៗក៏អាចរងផលប៉ះពាល់ផងដែរ៕