តែម សុខុម
បាងកក: ធនាគារកណ្ដាលថៃ (BoT) គ្រោងលើកកម្ពស់ការប្រើប្រាស់ប្រាក់យ័ន របស់ចិន និងរូបិយប័ណ្ណអាស៊ី ផ្សេងៗទៀតនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគដើម្បីទប់ការប្រែប្រួលយ៉ាងខ្លាំងនៃប្រាក់បាត ទល់នឹងប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ សីហា។
លោកស្រី អាលីសារា មហាសានដាណា (Alisara Mahasandana) ឧបការីទេសាភិបាលធនាគារកណ្ដាលថៃ បានលើកឡើងក្នុងបទសម្ភាសន៍មួយនៅក្រុងបាងកក កាលពីសប្ដាហ៍មុនថា ធនាគារកណ្តាលថៃ រំពឹងថានឹងប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់កាន់តែច្រើនដើម្បីជួយកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់។
លោកស្រីលើកឡើងថា ខណៈកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការលើកកម្ពស់រូបិយប័ណ្ណនានាក្រៅពីប្រាក់ដុល្លារ មានអាយុកាលជាងមួយទស្សវត្សរ៍មកហើយនោះ ពេលនេះរូបិយប័ណ្ណទាំងនោះកំពុងទទួលបានសន្ទុះជាមួយនឹងកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយធនាគារកណ្តាលថៃ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។