លោកស្រីតាំង ហួរមានសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ
លោកស្រីតាំង ហួរអ​នុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនថែមទៀត។

លោកស្រីតាំង ហួរដែលជាអគ្គនាយិកាក្រុមហ៊ុនAmatak Property Services ផងដែរ បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី៨ សីហាថា ជាមួយនឹងបទពិសោធន៍ការងារ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស និងប្រជាប្រិយភាពរបស់លោក លោកស្រី និងអ្នកជំនាញដទៃទៀត កំពុងមានសុទិដ្ឋិនិយមពីការដឹកនាំរបស់លោក។

លោកស្រីបញ្ជាក់ថា “ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី នាពេល​ខាងមុខ ដែលសមាសភាពគណៈរដ្ឋមន្រ្តី សុទ្ឋតែជាមន្រ្តីវ័យ​ក្មេង មានចំណេះដឹង នឹងធ្វើឲ្យកម្ពុជាកាន់តែលេចត្រដែតលើឆាកអន្តរជាតិ”។ លោកស្រីបន្តថា “តាមព័ត៌មាន គឺអ្នកវិនិយោគអន្តរជាតិ បាននិងកំពុងឈាន មកកាន់ទីផ្សារកម្ពុជាបណ្តើរៗហើយ ហើយពួកគេរីករាយនឹងសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកម្ពុជា”។ លោកស្រីតាំង ហួរបានបន្តថា សមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែត នឹងជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរយៈពេលវែង ដោយសារពួកគាត់សុទ្ឋតែជាមន្រ្តីមានចំណេះដឹងខ្ពស់ និងមានទស្សនវិស័យវែងឆ្លាយ ដើម្បីនាំកម្ពុជាកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

លោកស្រីបញ្ជាក់ទៀតថា “មិនមែនតែខ្ញុំទេ តែអ្នករកស៊ីតូច ធំ​ដែលខ្ញុំបានជួប ពួកគេសុទ្ឋតែមានក្តីសង្ឃឹមខ្ពស់លើរាជរដ្ឋាភិបាលថ្មី ដែលនឹងនាំមកនូវវិបុលភាព សម្រាប់វិស័យនេះ និងធ្វើឲ្យវិស័យសំ​ណ​ង់ និងអចនវត្ថុ កាន់តែរីកចម្រើនថែមទៀត”។គណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងចាប់ផ្តើមនៅថ្ងៃទី២២ សីហាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here