ដោយៈ គង់ សូរិយា
កំពតៈ អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង និងសូរិយោដី ខេត្តកំពត លោកស៊ឹម សុខជា បានឱ្យដឹងថា វិស័យសំណង់ នៅតែមានដំណើរការល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែអាជ្ញាធរខេត្ត មានការយកចិត្តទុកដាក់លើការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង។

លោកបញ្ជាក់ថា យោងតាមរបាយការណ៍ វិស័យសំណង់ខេត្តកំពត ធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ និងឆមាសទី១ នៅឆ្នាំ២០២២ វិស័យសំណង់នៅក្នុងខេត្តកំពត នៅតែរក្សា និងមានសន្ទុះល្អដដែល។ តាមការរំពឹងទុក វិស័យសំណង់នឹងកាន់តែប្រសើរឡើងបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់។
ទទ្ទឹមគ្នានោះដែរ លោកអនុប្រធានមន្ទីរ ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ និងអ្នកវិនិយោគទាំងអស់ចូលរួមសហការ និងគោរពច្បាប់សំណងឱ្យបានល្អ ហើយកុំសាងសង់មុនពេលទទួលបានលិខិតអនុញ្ញាត ឬសាងសង់បំពានដីរបស់រដ្ឋជាដើម។ ការគោរពច្បាប់ ជាការរូមចំណែកក្នុងការអភិវឌ្ឍន៍សង្គម រក្សាបាននូវសុវត្ថិភាព សោភណ្ឌភាពសំណង់ និងមានឈ្មោះជាពលរដ្ឋល្អ៕