ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការចុះផ្សាយពីគេហទំព័រ MSN បានរាយការណ៍ឱ្យដឹងមកថា ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានធ្វើឲ្យមហាសេដ្ឋី កំពូលចំនួន៣រូបបាត់បង់លុយសរុបប្រមាណ៩៩ពាន់លានដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា មហាសេដ្ឋីទាំង ៣រូប ដែលខាតទាំងលុយ ហើយក្រុមហ៊ុនខាតប្រយោជន៍ធំ ដោយសារក្រុមហ៊ុន Hindenburg រួមមានមហាសេដ្ឋីឥណ្ឌាលោក Gautam Adani ម្ចាស់ក្រុមហ៊ុន Adani Group លោក Jack Dorsey អតីតប្រធានក្រុមហ៊ុន Twitter និងមហាសេដ្ឋីអាមេរិកលោក Carl Icahn ម្ចាស់ក្រុមហ៊ុន Icahn Enterprises។

ក្នុងចំណោមមហាសេដ្ឋីទាំង ៣រូបនេះ លោក Gautam Adani ទទួលរងការខាតបង់ខ្លាំងជាងគេបំផុត ពោលគឺខាតបង់ទ្រព្យសម្បត្តិរហូតដល់ទៅរាប់សិបពាន់លានដុល្លារអាមេរិក។

ក្រៅពីខាតបង់ទ្រព្យសម្បតិផ្ទាល់ខ្លួន ក្រុមហ៊ុនមហាសេដ្ឋីទាំង៣រូបនេះ ក៏បាត់បង់តម្លៃមូលធនទីផ្សារសរុបប្រហែល ១៧៣ពាន់លានដុល្លារអាមេរិកផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវអាមេរិក Hindenburg បានបញ្ចេញទិន្នន័យស្រដៀងគ្នា ដោយចោទមហាសេដ្ឋីទាំង៣រូបនេះ ទាក់ទៅទងនឹងករណីឆបោក និងបន្លំទិន្នន័យផ្សារហ៊ុន៕