រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី

0

ដោយ: គង់ លាងហួរ
ប៉េកាំង: លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃពុធនេះថា លោករដ្ឋមន្ត្រីការបរទេស វ៉ាង យី  នឹងបំពេញទស្សនកិច្ច នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើង តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រី ក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Zambry Abd Kadir និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានមានប្រសាសន៍នៅថ្ងៃដដែលនោះថា ឆ្នាំនេះ គឺជាខួបលើកទី១០ ហើយនៃចក្ខុវិស័យនៃការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកស្រី Mao Ning  លើកឡើងថា បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បានឈានមុខគេ ក្នុងការជំរុញចក្ខុវិស័យនៃការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ហើយពួកគេ គឺជាដៃគូដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

ទំនាក់ទំនងរបស់ប្រទេសចិន ជាមួយប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា រក្សាបាននូវសន្ទុះ នៃភាពរីកចម្រើនដ៏ល្អប្រសើរ។ ជាក់ស្តែង ប្រទេសចិន និងសិង្ហបុរី បានបង្កើតភាពជាដៃគូតម្រង់ទិសអនាគត ប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។ រីឯ ប្រទេសចិន និងម៉ាឡេស៊ី បានឈានដល់ការយោគយល់គ្នា លើការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

ចំណែក ប្រទេសចិន និងកម្ពុជាបាននិងកំពុងធ្វើការ ដើម្បីឈានទៅរកយុគសម័យថ្មី នៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ទៀតថា ប្រទេសចិនសង្ឃឹមថា ដំណើរទស្សនកិច្ចនេះ នឹងជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសទាំង៣ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ខ្សែក្រ​វាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ និងនាំទំនាក់ទំនងទ្វេរភាគីឱ្យឈានឡើងដល់កម្ពស់ថ្មី។

លោកស្រី Mao Ning បានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយប្រទេសទាំងបី ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការស្តារសេដ្ឋកិច្ច ការពារសន្តិភាព ធ្វើឱ្យការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមក កាន់តែស៊ីជម្រៅ និងរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថេរភាព រួមទាំងការអភិ​វឌ្ឍ​ក្នុងតំបន់ និងក្រៅតំបន់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here