ដោយៈ គង់ សូរិយា
កំពង់ស្ពឺៈ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប អ្នកឧកញ៉ាម៉ុង រិទ្ឋី បានបង្ហើបឲ្យដឹងថា វិនិយោគិនជប៉ុនបានចំណាយពេល៣ឆ្នាំ ក្នុងការសិក្សា ពីទីតាំងនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ របស់លោក ដើម្បីរៀបចំជាភូមិលម្ហែសម្រាប់ប្រជាជនជប៉ុន រកកន្លែងចូលនិវត្តន៍ ប្រកបដោយផាសុកភាពនាពេលអនាគត។
អ្នកឧកញ៉ាបានបន្តឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កាលពីដើមខែសីហាកន្លងទៅ ខាងវិនិយោគិនជប៉ុន បានជួបប្រជុំជាមួយលោកផ្ទាល់ និងក្រុមការងារអស់រយៈពេល៣ថ្ងៃ ដើម្បីពិភាក្សាគ្នា និងចុះទៅទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីរៀបចំគម្រោងសង់ភូមិបុរាណជប៉ុន នៅតំបន់នេះ។
អ្នកឧកញ៉ាបានបញ្ជាក់ថា “ភូមិលម្ហែជនជាតិជប៉ុននេះ នឹងរៀបចំឱ្យមានសួនទឹក សួនលម្ហែរបស់ជប៉ុន នៅជាប់ជើងភ្នំនៃតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ” ។ អ្នកឧកញ៉ាបន្តថា “គោលដៅដែលសំខាន់គឺភូមិនេះ រៀបចំឡើងដើម្បីមនុស្សចាស់ ដែលចូលនិវត្តន៍ នៅពេលដែលជប៉ុន មានអាកាសធាតុត្រជាក់ខ្លាំង ក្រុមមនុស្សចាស់នៅជប៉ុន អាចមកសម្រាកលម្ហែនៅទីនេះបាន”។អ្នកឧកញ៉ាបន្ថែមថា ចំពោះការរៀបចំភូមិ សម្រាប់ជនជាតិជប៉ុន នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យនេះ ក៏នឹងមានសេវាថែទាំសុខភាព សេវាហូបចុក ស្នាក់នៅគ្រប់បែបយ៉ាង ការរៀបចំជាទីលានវាយកូនហ្គោល ការរៀបចំឱ្យមានមន្ទីរពេទ្យទំនើប មាននៅភូមិជប៉ុននេះ។
អ្នកឧកញ៉ាម៉ុង ឫទ្ធីបានថ្លែងថា “យើងបានរៀបចំចម្ការដូងក្រអូប ដោយខ្ញុំបានដាំត្រៀមប្រមាណ៦០ហិកតា ក្នុងគោលដៅចង់ឱ្យភ្ញៀវដែលមកកម្សាន្តនៅទីនេះ គឺពិសាដូងក្រអូបជំនួសគ្រឿងកំប៉ុងវិញ ដើម្បីថែរក្សាសុខភាពរបស់ភ្ញៀវ ដែលមកកម្សាន្តនៅភូមិកសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យនេះ”។អ្នកឧកញ៉ាបានបន្តថា គម្រោងនេះ កំពុងមានដំណើរការជាបន្តបន្ទាប់ ដោយតាមការគ្រោងទុក វាអាចនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដោយលោកបានបង្ហាញ ពីភាពជឿជាក់លើវិនិយោគិនជប៉ុនលើការរៀបចំគម្រោងនេះ។លោកបញ្ជាក់ថា វិនិយោគិនជប៉ុន ភាគច្រើននឹងធ្វើនូវអ្វីដែលបានដាក់ចេញ ជាពិសេសក្រោយសិក្សា អស់រយៈពេលយូរបែបនេះ ច្បាស់ណាស់ ភូមិសម្រាប់ជនជាតិជប៉ុន នឹងលេចចេញជារូបរាងជាក់ជាមិនខាន។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានមានប្រសាសន៍ថា ការកែច្នៃភូមិលម្ហែធម្មជាតិ ទៅជាភូមិកសិទេសចរណ៍ ជាពិសេសសម្រាប់ទទួលភ្ញៀវជប៉ុនបែបនេះទៀត គឺជាភាពច្នៃប្រឌិតថ្មីមួយ ដែលជាផលិតផលទេសចរណ៍ ដ៏គួរទាក់ទាញសម្រាប់អ្នកទេសចរអន្តរជាតិ។
លោកស្រីបានបញ្ជាក់ថា “បច្ចុប្បន្ននេះ ទេសចរណ៍ធម្មជាតិទទួលបាន ការចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ។ យើងរីករាយ នៅពេលដែលវិស័យឯកជន មានការចូលរួមយ៉ាងសកម្មក្នុងការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ ជាពិសេសការរៀបចំបែបជាសួនកសិទេសចរណ៍ ធម្មជាតិជាដើមនេះ វានឹងរួមចំណែកដល់ការទាក់ទាញអ្នកទេសចរមួយកម្រិតទៀត”៕