ការនាំចេញសរុបរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់១៣,៥២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូង

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃ១៣,៥២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៧ខែដំបូងដើមឆ្នាំនេះ ធ្លាក់ចុះ១,៨ភាគរយពី១៣,៧៧ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានចិន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ។ ទោះជាយ៉ាងនេះក្តី ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើង១៦,២ភាគរយដល់៨១៤,៧លានដុល្លារ ក្នុងអំឡុងខែមករាដល់ខែកក្កដា ឆ្នាំនេះ បើធៀបនឹង៧០១លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបន្តថាប្រទេសចិនជាទិសដៅនាំចេញធំជាងគេទី៣របស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក និង ប្រទេសវៀតណាម។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងទំនិញកសិកម្មមួយចំនួនដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយ។

របាយការណ៍ក៏បានបង្ហាញផងដែរថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃ៦,៣៦ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង ដើមឆ្នាំនេះ ដោយដាំក្បាលចុះ២០,៤ភាគរយ បើធៀបនឹង៧,៩៩ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ គឺជាប្រភពរកចំណូលបានពីបរទេសច្រើនជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល១.១០០កន្លែង ដែលមានបុគ្គលិកប្រហែល៧៥០.០០០នាក់ ហើយភាគច្រើនជាស្ត្រី។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ចសកលមិនមានភាពអំណោយផលនោះទេ ជាពិសេសនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលបានកាត់បន្ថយតម្រូវការប្រើប្រាស់ឬទិញផលិតផលពីកម្ពុជា។សម្តេចតេជោបានបន្ថែម ថាប្រជាជនក្នុងប្រទេសទាំងនោះទទួលបានចំណូលទាបដូច្នេះការបញ្ជាទិញពីប្រទេសទាំងនោះក៏ធ្លាក់ចុះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here