ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានធ្លាក់ចូលទៅក្នុងវិបត្តិបរិត្តផរណាដោយតម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជាងពីរឆ្នាំ ដែលនេះជាសញ្ញាមួយទៀតបង្ហាញពីការធ្លាក់ចុះនៃតម្រូវការ។
បរិត្តផរណា គឺជាពាក្យផ្ទុយទៅនឹងអតិផរណា ដែលមានន័យថាតម្លៃទំនិញនិងសេវាចុះថោក។
យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិនបានធ្លាក់ចុះនៅក្នុងខែកក្កដាជាលើកដំបូងគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈការថយចុះនៃតម្រូវការធ្វើឱ្យសេដ្ឋកិច្ចជួបបញ្ហា។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Reuters កាលពីថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣កន្លងមកនេះ។
ការិយាល័យស្ថិតិជាតិ (NBS) បានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) សម្រាប់ខែកក្កដាបានធ្លាក់ចុះ០,៣ភាគរយ បើធៀបនឹងឆ្នាំ ដែលជាល្បឿនយឺតជាងការប៉ាន់ស្មានជាមធ្យមសម្រាប់ការថយចុះ០,៤ភាគរយនៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters។
សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា ក្នុងរង្វង់៤,៤ភាគរយធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ៥,៤ភាគរយកាលពីខែមិថុនា ដែលខុសពីការព្យាករថានឹងធ្លាក់ចុះក្នុងរង្វង់៤,១ភាគរយ។






