ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃបរិយាកាស ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដោយផ្ដោតលើបញ្ហាប្រឈម និងឱកាសជាពិសេសលើវិស័យសំខាន់ៗ។
លោកឧកញ៉ាហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ថា សមាគមនឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ និងពិធីពិសាអាហារសាមគ្គី ដែលនឹងរៀបចំឡើងនៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១១ សីហាខាងមុខ។
-->
លោកបន្តថា “វេទិកានេះ នឹងមានការអញ្ជើញចូលរួមជាកិត្តិយសដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុព័ន្ធពាណិជ្ជកម្មនៃស្ថានតំណាងបរទេសនានា ប្រចាំនៅកម្ពុជាផងដែរ”។
លោកឧកញ៉ាហ៊ុន ឡាក់បានបន្ថែមថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាព នៃបរិយាកាស ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ដោយផ្ដោតលើបញ្ហាប្រឈម និងឱកាសជាពិសេសលើវិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យកសិកម្ម វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច វិស័យកម្មន្តសាល និងភស្តុភារកម្ម វិស័យសំណង់ និងអចលនទ្រព្យ ព្រមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិផងដែរ។
លោកហ៊ុន ឡាក់ បានបញ្ជាក់ថា វេទិកានេះ ក៏ជាឱកាសបង្កើតទំនាក់ទំនងកាន់តែទូលំទូលាយ និងពិភាក្សាគ្នាលើឱកាសវិនិយោគសក្តានុពលផ្សេងៗផងដែរ។ ជាពិសេស យើងនឹងលើកយកបញ្ហាសំខាន់ៗ ដែលវិស័យឯកជនបាន និងកំពុងជួបប្រទះយកមកពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ប្រយោជន៍ដើម្បីភាពរីកចម្រើននៃវិស័យឯកជនរបស់យើងទាំងអស់គ្នា។
ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លោកជំទាវឧកញ៉ាកែវ មុំ បានប្រាប់ឱ្យដឹងផងដែរថា ការរៀបចំវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ណាស់ សម្រាប់អ្នកធុរកិច្ចទាំងក្នុងនិងក្រៅប្រទេស ដើម្បីលើកឡើងពីបញ្ហាប្រឈមនានា ដែលវិស័យនីមួយៗ បាននិងកំពុងជួបប្រទះ ជាពិសេសវិស័យ SME។
លោកស្រីបានថ្លែងថា “យើងនឹងប្រើវេទិកានេះ ដើម្បីពិភាក្សាជាមួយអ្នកពាក់ព័ន្ធ មិនថានៅក្នុងវិស័យឯកជនដូចគ្នា ឬក៏ខាងរដ្ឋាភិបាលនោះទេ ដើម្បីរកដំណោះស្រាយជាមួយគ្នា លើបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្នផងដែរ”។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្ត ដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។ សមាគមនេះ មានទស្សនវិស័យ ក្នុងការរក្សានិងលើកកម្ពស់ ឧត្តមភាពនៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕