ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញបានសម្តែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា នឹងមានស្ថិរភាព និងការអភិវឌ្ឍកាន់តែខ្លាំងឡើងបន្ថែមទៀត នៅក្នុងអាណត្តិទី៧នេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ឲ្យដឹង នៅក្នុងសប្តាហ៍នេះថាសង្កេតឃើញថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ភាគច្រើនបំផុត គឺមានទំនុកចិត្ត និងជំនឿជឿជាក់យ៉ាងខ្លាំង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេស នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧នេះ។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា រដ្ឋាភិបាលថ្មីនឹងប្រើប្រាស់ ឬជ្រើសរើសមនុស្សដែលជាបញ្ញវ័ន្ត និងមានសមត្ថភាពខ្ពស់ ឱ្យកាន់មុខនាទីសំខាន់ៗ និងដាក់ចេញ គោលនយោបាយជាតិរបស់យើងសម្រាប់វិនិយោគិន ឱ្យមានភាពល្អប្រសើរ និងទាក់ទាញជាងប្រទេសផ្សេងៗទៀត។លោកបញ្ជាក់ថា “ប្រសិនបើរដ្ឋាភិបាលថ្មី អាចមានកញ្ចប់ថវិកា១.០០០លានដុល្លារអាមេរិក ដើម្បីជួយវិស័យឯកជនក្នុងកំឡុងឆ្នាំ២០២៣នេះ និងឆ្នាំ២០២៤ខាងមុខ នោះវាជារឿងមហាវិសេសវិសាលណាស់”។
ចំណែកលោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតនឹងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនថែមទៀត។ លោកស្រីបានបន្តថា “តាមព័ត៌មានខ្ញុំទទួលបាន អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ បាននិងកំពុងត្រៀមវិលមកកាន់កម្ពុជា កាន់តែច្រើន បន្ទាប់ពីការបោះឆ្នោត ប្រកបដោយស្ថេរភាព និងសុខសន្តិភាព”។
រីឯលោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKFAបានមានប្រសាសន៍ឲ្យដឹងក្នុងសប្តាហ៍នេះផងដែរថា ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង លោកនឹងមានការគិតគូររិះរកចំណុចថ្មីៗ ដើម្បីស្រូបទាញការវិនិយោគបន្ថែមទៀត។លោកឧកញ៉ាបញ្ជាក់ថា “វិស័យអចលនទ្រព្យនៅកម្ពុជាមិនមានការជាប់គាំងទេ គ្រាន់តែដើរយឺតប៉ុណ្ណោះ។ ហើយក្នុងមួយរយៈកាលចុងក្រោយនេះ ការទិញលក់ និងតម្រូវការ នៅតែមានចរន្តដំណើរការ ប៉ុន្តែយើងត្រូវមានភាពបត់បែនខ្លះក្នុងការទូទាត់”។
លោកលោកសង្ឃឹមថា “នៅពេលដែលរដ្ឋាភិបាលថ្មី កើតឡើង វិនិយោគិន នឹងសម្រុកចូលមកកម្ពុជា តាមរយៈសមិទ្ធិផលថ្មីៗ ដូចជាព្រលានយន្តហោះសៀមរាប-អង្គរ តំបន់ទេសចរណ៍កោះរ៉ុងដែលនឹងមានយន្តហោះអាចចុះលើទឹក ដែលក្លាយជារំញោចឡើងវិញសម្រាប់ទីផ្សារអចលនទ្រព្យកម្ពុជា”៕