Hattha top Banner

ដំណឹងល្អៈរដ្ឋាភិបាលបង្កើតឧទ្យានជាតិថ្មីមួយគ្របដណ្តប់ លើផ្ទៃដីជិត១លានហិកតា

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ មាន​ផ្ទៃដី​ទំហំ​សរុប​៩២៦,១២៣​ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ខេត្ត​​ពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង។គោលបំណងនៃការបង្កើតឧទ្យានជាតិដថ្មីនេះ មានគោលដៅដើម្បី​ថែរក្សា ការពារ​សោ​ភណ​ភាព​ធម្មជាតិ និង​ទេសភាព ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវចម្រុះ ការសិក្សា​ស្រាវជ្រាវ និង​ការ​កម្សាន្ត​។

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែលបាន​នៅ​ថ្ងៃទី​ ៩ ខែ​​សីហា​នេះ បានឱ្យដឹងថា ផ្ទៃដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​នេះ បានមកពី​ការបូកបញ្ចូល​គ្នា​នៃ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង ដែលមាន​ផ្ទៃដី​ទំហំ៤១០,៣៩២​ហិកតា។ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល​ ដែលមាន​ផ្ទៃដី​ទំហំ​៤០១,៣១៣ហិ​ក​តា របៀង​អភិរក្ស​ជីវចម្រុះ​ជួរ​ភ្នំក្រវាញ ដែលមាន​ផ្ទៃដី​ទំហំ​១១៤,៤១៨​ហិកតា​។

យោង​តាមរយៈ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៣ ស្តីពី​ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ បានបង្ហាញថា រាជ​រដ្ឋា​ភិ​​បាល​បាន​និរាករណ៍ អនុក្រឹត្យ ស្តីពី​ការបង្កើត​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល អនុក្រឹត្យ​ស្តីពី​ការបង្កើត​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង អនុក្រឹត្យ​ស្តីពី​ ការបង្កើត​របៀង​អភិរក្ស​ជីវ​ចម្រុះ ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ព្រមទាំង​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​ថ្មី​នេះ​ក៏ត្រូវ​និរាករណ៍​ផងដែរ​។

អនុក្រឹត្យ​នេះ​បញ្ជាក់ថា​ “ការបង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វា​ញ​ នេះ​រាជរដ្ឋាភិបាល​មានបំណង លើកកម្ពស់​តួនាទី សក្ដានុពល និង​កិត្យានុភាព​នៃ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី ឆ្លើយតប​ទៅនឹង​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព”​។

អនុក្រិតដដែលបានបញ្ជាក់ថា ការបង្កើតឧទ្យានជាតិនេះ ក៏ដើ​ម្បីរក្សា​លំនឹង​បរិស្ថាន និង​រួម​ចំ​​ណែ​ក​កាត់បន្ថយ​ ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ផ្តល់​ផលិត​ផល និង​សេវាកម្ម​ធម្មជាតិ ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។

​ជំរុញ ​និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​សហគមន៍​មូលដ្ឋាន ដើម្បី​រួម​​ចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការការពារ​ធនធាន​ធម្មជាតិ និង​ការ​រស់​នៅ​ដោយ​ចីរភាព​។ ​ពិសេស លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា ​សាធារណជន​ ក្នុងការ​ចូលរួមចំណែក​ដល់​ការគ្រប់គ្រង ការ​ការពារ និង​ការអភិរក្ស​ជីវ​​ចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។

ក្នុង​អនុក្រឹត្យនេះ​បញ្ជាក់ទៀតថា​ ​ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ កែប្រែ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ជួរ​​ភ្នំក្រវាញ ដោយ​សហការ​ជា​មួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តកោះកុង រដ្ឋបាល​ខេត្តពោធិ៍សាត់ រដ្ឋបាលខេត្ត​កំពង់ស្ពឺ រដ្ឋបាលខេត្ត​ព្រះសីហនុ និង​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការប្រើប្រាស់ ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​​។

អភិបាល​ខេត្តពោធិ៍សាត់ លោកខូយ រីដាបានឱ្យដឹង​នៅ​ថ្ងៃទី​៩ ខែសីហា​ថា ការបង្កើត​ឧទ្យាន​ជាតិ​ថ្មី ឬ​ចាស់​សុទ្ធតែ​មានបំណង​ថែរ​រក្សា​ការពារ​ធន​ធាន​ធម្មជាតិ​។​លោកបញ្ជាក់ថា “តំបន់​ឧទ្យាន​ជាតិ ​ដែល​ទើប​រួម​ប​ញ្ជូ​ល​បង្កើត​ថ្មី​នេះ មិនមែន​សម្រាប់តែ​ ១​ ជំនាន់​ថ្មី​នេះ​ទេ គឺ​សម្រាប់​គ្រប់​ជំនាន់​តកូនតចៅ ហេតុនេះ​ត្រូវ​​តែ​ថែទាំ​ការពារ​ ដើម្បី​និរន្តរភាព​ការគ្រប់គ្រង​ធនធានធម្មជាតិ​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here