ក្រុមហ៊ុនអាកាសចរណ៍ថៃ និងទួរគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញទេសចរណ៍រវាងប្រទេសទាំង២

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Thai Airways (THAI) និងក្រុមហ៊ុន Turkish Airlines បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងប្រតិបត្តិការ បណ្តាក់ទុនរួមគ្នា ក្នុងគោលបំណងជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក Chai Eamsiri នាយកប្រតិបត្តិក្រុមហ៊ុន THAI បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងការតភ្ជាប់ និងបណ្តាញផ្លូវហោះហើរ របស់ក្រុមហ៊ុន THAI និង Turkish Airlines។លោកបន្តថា “អតិថិជនរបស់យើង នឹងអាចធ្វើដំណើរបានយ៉ាងងាយស្រួលរវាងប្រទេសថៃ និងតួគី ក៏ដូចជាទៅកាន់តំបន់អឺរ៉ុប និងប្រទេសផ្សេងទៀត  ដោយក្រុមហ៊ុនអាកាសចរណ៍យើងទាំង២”។

ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ជាទីតាំងយុទ្ធសាស្ត្រ ដើម្បីដើរតួជាមជ្ឈមណ្ឌលរវាងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក។  ហើយក្រុមហ៊ុន THAI នឹងណែនាំសេវាកម្មប្រចាំថ្ងៃ ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ពីមជ្ឈមណ្ឌលទីក្រុងបាងកក របស់ខ្លួននៅក្នុងខែធ្នូខាងមុខ។លោក​ Chai Eamsiri បញ្ជាក់ថា ភាព​ជា​ដៃគូ​នេះ​ក៏​នឹង​ជំរុញ​ដល់វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ថៃ និងទួរគីផង​ដែរ។

​លោក Bilal Eksi នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍​Turkish Airlines បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងការតភ្ជាប់រវាងតំបន់ទាំងពីរ ផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពរលូន និងផ្តល់ជូនអ្នកដំណើរនូវទិសដៅ និងសេវាកម្មដ៏ធំទូលាយ តាមរយៈបណ្តាញរបស់ក្រុមហ៊ុន អាកាសចរណ៍ទាំងពីរ។

ដោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៣៣ ជាមួយយន្តហោះដំបូងចំនួន៥គ្រឿង  ឥឡូវនេះ ក្រុមហ៊ុន Turkish Airlines មានយន្តហោះរហូតដល់ទៅ៤២៥គ្រឿង ដែលហោះហើរទៅកាន់គោលដៅចំនួន៣៤៤ នៅក្នុងប្រទេសចំនួន១២៩។ ចំណែក ក្រុមហ៊ុនអាកាសចរណ៍THAI ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ កំពុងប្រតិបត្តិការហោះហើរ ទៅកាន់គោលដៅចំនួន៥៧ នៅក្នុងប្រទេសចំនួន១៩ ជាមួយយន្តហោះចំនួន៦៧គ្រឿង៕

LEAVE A REPLY

Please enter your comment!
Please enter your name here