អ្នកបើកយន្តហោះត្រូវចំណាយលុយកាន់តែច្រើន ដើម្បីទទួលបានការងារនៅក្រុមហ៊ុនអាកាសចរណ៍

0

ដោយៈ តែម សុខុម
បាងកក: ខណៈការងារក្នុងឧស្សាហកម្មអាកាសចរណ៍ មិនទាន់ស្ទុះងើបឡើងវិញពេញលេញ ក្រុមហ៊ុនអាកាសចរណ៍នានានៅប្រទេ​សថៃ កំពុងអនុវត្តកម្មវិធីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលតម្រូវឱ្យពីឡុត ឬអ្នកបើកយន្តហោះ ដែលមានអាជ្ញាប័ណ្ណ បង់ត្រូវប្រាក់៤៣.០០០​ដុល្លារអាមេរិក សម្រាប់ការបណ្តុះបណ្តាល ដើម្បីទទួលបានការងារ។

ទោះជាយ៉ាងណា ប្រាក់បៀវត្សរ៍ជាមធ្យមរបស់ពីឡុត ក្នុងប្រទេ​សថៃ ទាបជាងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩នៅឡើយ ខណៈយន្តហោះ ដែលធ្វើការហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍មានចំនួនតិចជាងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ សីហា។ស្ថានភាពនេះ នឹងបង្កការលំបាកកាន់តែខ្លាំងឡើង សម្រាប់ពីឡុតជាសិក្ខាកាម ដែលគ្មានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយពីឡុតជើងចាស់។

យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ឱ្យដឹងថា អាកាសចរណ៍នៅអាស៊ី-ប៉ាស៊ីហ្វិក មានសន្ទុះងើបឡើងវិញយឺតជាងតំបន់ផ្សេងៗទៀត នៃពិភពលោកកាលពីឆ្នាំមុន ប៉ុន្តែជាមួយនឹងការបើកប្រទេសចិន ឡើងវិញនៅដើមឆ្នាំ២០២៣ អាកាសចរណ៍នឹងស្ទុះងើបឡើងវិញ នៅក្នុងឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ២០២៥ ដែលត្រូវបានរំពឹងទុកកាលពីមុន។Thai Airways Thailand |Flight Simulator Training Center

ទោះជាយ៉ាងណា ស្របពេលពីឡុតក្នុងឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសថៃ មានច្រើនគរជើងគ្នា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ក្នុងប្រទេសនេះបានបន្ថែមកម្មវិធី “បង់ប្រាក់ដើម្បីក្លាយជាពីឡុត” ទៅលើកម្មវិធីជ្រើសរើសពីឡុត ដែលចង់ផ្តើមការងារថ្មីជាមួយពួកគេ ប៉ុន្តែតម្រូវឱ្យពីឡុតទាំងនោះ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមុនសិន ដើម្បីឱ្យពួកគេមានជំនាញ ដែលត្រូវគ្នានឹងប្រភេទយន្តហោះដែលក្រុមហ៊ុនកំពុងប្រើប្រាស់។

ទន្ទឹមនេះការបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ដូចជា ក្រុមហ៊ុន AirAsia Cambodia ដែលពេលនេះកំពុងជ្រើសរើសពីឡុតថ្មីៗជាដើម ក៏នឹងជួយផ្ដល់ការងារដល់ពីឡុត ដែលគ្មានការងារធ្វើបានមួយចំនួនផងដែរ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here