ក្រុមហ៊ុនជាតិ អន្តរជាតិប្រមាណ២៥០នឹងចូលរួមក្នុងពិព៌ណCAMFOOD/ CamHotelនៅទីក្រុងភ្នំពេញ

0

ដោយៈ គង់ ហ្វីអូណា

             ភ្នំពេញៈ កម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ រយៈពេល៣ថ្ងៃ នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

             ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចអន្តរជាតិ CAMFOOD​​/CAMHOTEL 2023 កាលពីរសៀលថ្ងៃទី៩សីហាលោក Andrew Siow ជាអគ្គនាយកក្រុមហ៊ុន AMB Tarsus Event group ដែលជាអ្នករៀបចំពិព័រណ៍នេះបានឱ្យដឹងថា ពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងមានការត្រឡប់មកវិញសារជាថ្មី នៃការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ច ថ្នាក់ជាតិ ហើយពិព័រណ៍នេះ មានក្រុមហ៊ុន និងម៉ាកយីហោក្នុងស្រុក និងអន្តរជាតិចូលរួមជាង២៥០ និងត្រូវបានរំពឹងថា នឹងមានអ្នកចូលរួម​ទស្សនាជាង១២,០០០នាក់ ។

             លោកបានបន្តថា ពិព័រណ៍នេះ គ្រោងនឹងបើកជាផ្លូវការក្រោមអធិបតីភាព លោកអាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រង​ឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោកគឹម សេរីរដ្ឋ អគ្គលេខាធិការរងគ.ជ.វ.ទ និងប្រធាន​នាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

             លោកបានបញ្ជាក់ថា “នៅពេលដែលទីផ្សារទេសចរណ៍ និង F&B ស្ទុះងើបឡើងវិញជាលំដាប់ ក្នុងដំណាក់កាលក្រោយ COVID-19 នេះ”។ លោកបន្ថែមថា “យើងជឿជាក់ថា ពិព័រណ៍ ខេមហ្វួត/ខេម ហូតែលនឹងបន្ថែមទំនុកចិត្ត និងគុណតម្លៃដល់​ឧស្សា​ហកម្មនេះ តាមរយៈការប្រមូលផ្តុំ អ្នកនៅក្នុងឧស្សាហកម្មក្នុងការ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជា​ដៃគូអាជីវកម្មថ្មីៗ”។

             ចំណែកសហព័ន្ធទេសចរណ៍កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការ ដឹកនាំក្នុងការរៀបចំការប្រកួតប្រជែង ផ្នែកបដិសណ្ឋារ​កិច្ចផងដែរនៅក្នុងព្រឹត្តិការណ៍ CAMFOOD/CAMHOTEL 2023 រួមមាន ការប្រកួតចំអិនម្ហូបដោយផ្ទាល់ មាន​ដូចជា នំបញ្ចុកសៀមរាប សម្លកកូរខ្មែរ ត្រីអាម៉ុក សាច់គោ (Steak) ការតុបតែងនំខេក ជាដើម។

បន្ថែមលើស​ពីនេះក៏មាន ការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ ការប្រកួតរៀបចំតុអារហារ ការប្រកួតក្រឡុកស្រា ការប្រកួត​ប្រជែងពីរសិល្ប:តុបតែងនិងរៀបចំគ្រែ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here