រដ្ឋបាលខេត្តកែបបិទផ្សាយប្លង់រឹងចំនួន៤.៥៦៤ក្បាលដី សម្រាប់ប្រជាពលរដ្ឋ

0

ដោយៈ គង់ សូរិយា
ខេត្តកែបៈ ក្បាលដីសរុប៤.៥៦៤ក្បាលដី ដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ត្រូវបានបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ក្នុងនោះភូមិចំការបី ជាភូមិចុងក្រោយ និងបញ្ជប់ការវាស់វែងនៅខែកញ្ញាឆ្នាំ២០២៣នេះ។ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ក្រោមការចូលរួម ពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅវត្តពោធិ៍សត្ថារាម ហៅវត្តអំពេង។

លោកសុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកែប មានរបាយការណ៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៣ រាប់ទាំងថ្ងៃឈប់សម្រាក ដើម្បីឱ្យប្រជាពលរដ្ឋ មកត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ប្រសិនបើមិនទាន់ត្រឹមត្រូវអាចប្តឹង ជំទាស់ដើម្បីសើររើពិនិត្យមើលឡើងវិញ ដូចជាឈ្មោះ ព្រំប្រទល់ក្បាលដី ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យជាដើម។

លោក សោម ពិសិដ្ឋអភិបាលនៃគណៈអភិបាលខេត្តកែបបានមានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ មានលក្ខណៈប្រព័ន្ធនៅក្នុងភូមិអំពេង នាពេលនេះគឺជាផ្នែកមួយក្នុងចំណោមកិច្ចការជាច្រើន របស់រាជរដ្ឋាភិបាលដែលបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ក្នុងជីវភាពរស់នៅនិងបង្កើនសុវត្ថិភាពលើការកាន់កាប់ប្រើប្រាស់ដីធ្លី និងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិដែលទទួលបាន។

លោកបន្តថា “ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងដំណើរនៃការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ដើម្បីមានសិទ្ធិ លើការកាន់កាប់ និងប្រើប្រាស់ដីធ្លីស្របច្បាប់ និងកាត់បន្ថយទំនាស់ដីធ្លីជាដើម”។

លោកបានសំណូមពរដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិអំពេងនេះ ត្រូវបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឱ្យបានរលូន ជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឱ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដែលជាឯកសាររដ្ឋបាល បញ្ជាក់ពីសិទ្ធិជាម្ចាស់ លើក្បាលដីនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here