ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន Bloomberg បានរាយការណ៍ថា លោកស្រី Yang Huiyan ប្រធានក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Country Garden បានខាតបង់ទ្រព្យសម្បត្តិអស់ច្រើនជាងមហាសេដ្ឋីនានានៅលើពិភពលោកនៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Yang បានដាំក្បាលចុះ៨៤% ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ឬស្មើនឹងទំហំទឹកប្រាក់ចំនួន២៨,៦ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ។
ទ្រព្យសម្បត្តិសុទ្ធរបស់លោកស្រី Yang បច្ចុប្បន្នស្ថិតក្នុងរង្វង់៥,៥ពាន់លានដុល្លារអាមេរិក។ លើសពីនេះ កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅ ប្រធានក្រុមហ៊ុនអចលនទ្រព្យរូបនេះបានខាតបង់លុយអស់រហូតដល់ទៅ៤៩០លានដុល្លារ។ នៅពេលនេះ លោកស្រី Yang បានធ្លាក់មកឈរនៅលំដាប់លេខរៀងទី៤៧៥ ក្នុងតារាងចំណាត់ថ្នាក់មហាសេដ្ឋីដែលចងក្រងដោយកាសែត Bloomberg។






