តែម សុខុម
បាងកក: ប្រទេសថៃ កំពុងតែឈឺក្បាលពិបាកដោះស្រាយ ខណៈបំណុលគ្រួសារដែលខូច (Bad Household Debt) សម្រាប់ត្រីមាសទី២ ដើមឆ្នាំនេះបានកើនឡើងលើសពី១ទ្រីលានបាត ឬ ២៨,៥ពាន់លានដុល្លារអាមេរិក។
ធនាគារកណ្តាលថៃ (BOT) បានពង្រីកការគ្របដណ្តប់នៃទិន្នន័យបំណុលគ្រួសារនេះដើម្បីរួមបញ្ចូលប្រាក់កម្ចីពីមូលនិធិកម្ចីសម្រាប់និស្សិត (Student Loan Fund) ប្រមាណ១៣,៧៥ពាន់លានដុល្លារអាមេរិក និងកម្ចីសហករណ៍៧,៥៥ពាន់លានដុល្លារអាមេរិក ផងដែរ។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ សីហា។
បំណុលកម្ចីទិញផ្ទះទូទាំងប្រទេសថៃ នៅពេលនេះក៏ត្រូវបានបញ្ចូលទៅក្នុងបំណុលគ្រួសារផងដែរ ហើយជាលទ្ធផលធ្វើឱ្យបំណុលគ្រួសារចុងក្រោយបំផុតនៅក្នុងប្រទេសថៃ ឡើងដល់១៧,៦២ទ្រីលានបាត ឬ ៥០១,៤ពាន់លានដុល្លារអាមេរិក។ទោះជាយ៉ាងណា ដោយស្ថិតនៅក្រោមទិន្នន័យថ្មីរបស់ធនាគារកណ្ដាលថៃ (BOT) មានតែ៧០%នៃបំណុលគ្រួសារថៃ ប៉ុណ្ណោះដែលត្រូវបានគ្របដណ្តប់ ខណៈ៣០%ទៀតគ្មានការពិនិត្យតាមដាន។ ដូច្នេះការគ្របដណ្តប់ទិន្នន័យដែលមានលក្ខណៈល្អប្រសើរ គឺមានសារៈសំខាន់សម្រាប់ការដោះស្រាយបំណុលដ៏ទូលំទូលាយ។






