ដោយ: គង់ លាងហួរ
ក្រុងឡុងដ៍: ផលិតកម្មឧស្សាហកម្មនៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុបបានធ្លាក់ចុះ១,៥% នៅក្នុងខែមិថុនាធៀបនឹងខែឧសភា ដោយសារវិស័យរថយន្តធ្លាក់ចុះអស់៣,៥%។
ការធ្លាក់ចុះនៃទិន្នផលឧស្សាហកម្មរបស់អាល្លឺម៉ង់ មានភាពចោតខ្លាំងជាងការព្យាកររបស់អ្នកសេដ្ឋកិច្ច និងបង្កើនហានិភ័យដែលថា ការផលិតធន់ធ្ងន់នឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំនេះ ដែលអាចធ្វើឱ្យអាល្លឺម៉ង់ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចវិញ។
យោងតាមការិយាល័យស្ថិតិរបស់ប្រទេសអាល្លឺម៉ង់បានបង្ហាញថា ទិន្នផលរបស់វិស័យសំណង់ដែលបានធ្លាក់ចុះ២,៨% ក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើផលិតកម្មឧស្សាហកម្មទាំងមូលផងដែរ។
ជាក់ស្តែង ប្រទេសអាល្លឺម៉ង់ទើបតែបានងើបចេញពីវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងខែមេសាដល់ខែមិថុនាប៉ុណ្ណោះ ដោយសារផលិតផលក្នុងស្រុកសរុប (GDP) បានស្ថិតនៅទ្រឹងបើធៀបនឹងត្រីមាសទី១ ប៉ុន្តែទិន្នន័យបណ្តោះអាសន្នចុងក្រោយបង្អស់បង្ហាញថា ភាពប្រសើរឡើងបន្តិចបន្តួចនៃជោគវាសនារបស់សេដ្ឋកិច្ចអាល្លឺម៉ង់ប្រហែលជាមិនស្ថិតស្ថេរនោះទេ។
លោក Franziska Palmas សេដ្ឋវិទូជាន់ខ្ពស់អឺរ៉ុបប្រចាំនៅក្រុមហ៊ុន Capital Economics បានសរសេរក្នុងកំណត់ត្រាមួយថា “យើងរំពឹងថា ការធ្លាក់ចុះនៃទិន្នផលឧស្សាហកម្មគឺជាកត្តាមួយ ដែលអាចបណ្តាលឱ្យមានការធ្លាក់ចុះជាថ្មីនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ”។ឧស្សាហកម្មរថយន្ត ដែលគ្របដណ្តប់ប្រហែល៥% នៃសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងពិបាកកម្រើកឡើងវិញពីការវាយប្រហារដោយសារវិបត្តិជំងឺរាតត្បាតកូវីដ និងការជាប់គាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់៕