ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិនបានប្រកាសពីការការពារ អធិបតេត្យភាពរបស់កម្ពុជា និងជម្រុញការអភិវឌ្ឈប្រទេសនេះ ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី។

លោកវ៉ាង យីទីប្រឹក្សារដ្ឋចចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេដសចិន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃជំនួប លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសចិន ក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញ របស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិ ដែលទទួលបានពីសម្លេងឆ្នោតគាំទ្រចំនួន៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំ ប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។

នៅក្នុងបរិបទនៃការប្រារព្វខួបអនុស្សាវរីយ៍ លើកទី៦៥នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជា និងចិន រដ្ឋមន្ត្រីការបរទេសទាំងពីរបានពិភាក្សា អំពីផែនការសកម្មភាព ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន ទំនាក់ទំនងនយោបាយ ការទូតសភា ការពង្រីកពាណិជ្ជកម្ម ការសម្របសម្រួលការវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរលើវិស័យអប់រំ ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះសន្ទុះ​ដ៏រឹងមាំ និងប្រកបដោយថាមវ័ន្ត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងការអះអាងជាថ្មី នូវការប្រកាន់ខ្ជាប់ឥតងាករេរបស់កម្ពុជាចំពោះ “គោលនយោបាយចិនមួយ” លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមទៀត នូវសហគមន៍វាសនារួមប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ព្រមទាំងលើកកម្ពស់ ​ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជាផលប្រ​យោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន រួមមានការផ្តល់វ៉ាក់សាំងកូវីដ-១៩ និងអាហារូបករណ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ដើម្បីប្រារព្វខួបអនុស្សាវរីយ៍លើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែ​ក្រវាត់និងផ្លូវ (BRI) ក្នុងឆ្នាំនេះ កម្ពុជាគាំទ្រប្រទេសចិន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ភាគីចិន ក៏បានអញ្ជើញលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំងការអញ្ជើញចូលរួម ក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ច និងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here