ដោយៈ ហ្វីអូណា
កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា រៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឱ្យក្លាយជាតំបន់ទេសចរណ៍មួយនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ១០ ខែសីហាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។
លោកអ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម មានផែនការអភិវឌ្ឍន៍ច្រើន ជាពិសេសគឺតំបន់ទន្លេអុំ ក្នុងក្រុងកំពង់ចាម ដែលត្រូវជំរុញអភិវឌ្ឍន៍តំបន់នេះឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយរៀបចំធ្វើសួនច្បារ និងពង្រីកផ្លូវ ទទឹងប្រវែង២ម៉ែត្រសងខាង ចាប់ពីរង្វង់មូលសេះ រហូតដល់វិមានឯករាជ្យ និងរៀបចំដាំដើមឈើឡើងវិញ និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវផងដែរ ។
លោកបានឲ្យដឹងទៀតថា ចំណែកឯក្នុងតំបន់ទន្លេអុំ យ៉ាងហោចត្រូវមានទឹកជម្រៅ៣ម៉ែត្រ ដែលអាចប្រើទូកអុំបាន និងត្រូវរៀបចំធ្វើទំនប់បង្ហៀរ ចំណែកឯច្រាំងទន្លេអុំ ធ្វើជាបេតុង តាមថ្នាក់ៗ ដែលអាចអង្គុយកម្សាន្តបានដែរ។







