ដោយៈ គង់ សូរិយា
ភ្នំពេញៈ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែតនឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការ ទៅចូលរួមពិធីខួបលើកទី១០ នៃការបង្កើតគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតប្រទេសចិន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ខាងមុខ។
-->
ព៌តមាននេះ ត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងជំនួបរវាងឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំង នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយនឹង លោកវ៉ាង យី សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនេះ, លោក វ៉ាង យី បានបញ្ជាក់អំពីជំហរបន្តជំរុញការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងភាពជិតស្និទ្ធជាមួយកម្ពុជា ហើយភាគីមិត្តចិននឹងត្រៀមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការ និងការចូលរួមរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត បានថ្លែងអំណរគុណ និងធ្វើការគូសបញ្ជាក់ជូនភាគីមិត្តផងដែរ នូវការរក្សាគោលជំហរឥតប្រួលប្រែ របស់រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាចំពោះ “គោលនយោបាយចិនមួយ” និងការមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ចិន។
ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់ជិតស្និទ្ធ តាមរយៈការថែររក្សាសមិទ្ធផល ដែលមានកន្លងមក ក៏ដូចជាការពង្រីកទិសដៅ កិច្ចសហប្រតិបត្តិការ ទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអគ្គិសនី ជាពិសេស វារីអគ្គិសនី វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ជាដើម ។ល។
លើសពីនេះ ភាគីទាំងពីរ ក៏ឯកភាពនឹងបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ការគាំទ្រដល់គ្នា ទៅវិញទៅមកផងដែរ នៅក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ៕