ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលបរិបទកម្ពុជា កំពុងទទួលឥទ្ឋិពលពីវិវបត្តិសេដ្ឋកិច្ចពិភពលោក មន្រ្តីជាន់ខ្ពស់កម្ពុជាបានលើកឡើងថា ការវិនិយោគនៅកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែចំនួនក្រុមហ៊ុនបានកើនឡើង។
លោកជា វុទ្ឋីអគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងក្នុងវេទិកា ដែលរៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្តាហ៍មុនថា ការគ្រប់គ្រងជំងឺកូវីដបានល្អប្រសើរ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារំពឹងថា កើនឡើង៥,៦ភាគរយ ជាមួយកំណើនប្រាក់ចំណូល របស់ប្រជាជនម្នាក់ៗកើនដល់ជិត១៩៣២ដុល្លារអាមេរិក។
លោកបន្តថា “ជាមួយនឹងកំណើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាជន ជាអ្វីដែលយើងអាចទាក់ទាញនូវការវិនិយោគពីបរទេស”។ លោកបន្តថា “យើងគ្រប់គ្រងអត្រាអតិផរណាបានល្អប្រសើរជាមួយកំនើនត្រឹម៥,៣ភាគរយ កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ អតិផរណារបស់យើងមានកំណើនជាង២ភាគរយ”។
-->
លោកជា វុទ្ឋីបានបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជាមិនថា តែយើងថាខ្លួនឯងទេ គឺធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីថា យើងនឹងមានកំណើន៥,៥ភាគរយ មូលនិធិរូបិយប័ណ្ណអន្តរជាតិ(IMF)ថាយើងសម្រេចបានក្នុងរង្វង់ប្រហាក់ប្រហែលគ្នា។
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន(AMRO) ដែលបានស្រាវជ្រាវពីលំហូរវិនិយោគ នៅក្នុងតំបន់អាស៊ាន និងកម្ពុជាបានបង្ហាញថា ទោះបីមានវិបត្តិកូវីដ១៩ និងភាពតានតឹងភូមិសាស្រ្តនយោបាយ និងភាពតានតឹងរវាងអាមេរិក និងចិនក្តី ប៉ុន្តែលំហូរវិនិយោគពីបរទេសមកកម្ពុជានៅតែមានស្ថេរភាព។
លោកជា វុទ្ឋីបានបន្តថា នៅឆ្នាំ២០២០លំហូរវិនិយោគនៅតំបន់អាស៊ាន បានធ្លាក់ចុះជិត៤០ភាគរយ តែនៅកម្ពុជានៅយតែមានលំនឹង ដោយទំហំវិនិយោគបរទេសមកកម្ពុជា សម្រេចបាន៣៦០០លានដុល្លារ ដែលអ្នកវិនិយោគក្នុងស្រុក បានជាប់ចំណាត់ថ្នាក់លេខ១ ដោយអ្នកវិនិយោគមិនយកលុយដាក់ក្រោមខ្នើយ មិនយកលុយដាក់ក្នុងធនាគារ ទី២ គឺការវិនិយោគពីប្រទេសចិន។
យោងតាមទីន្នន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានបង្ហាញថា ឆ្នាំ២០២១ និងឆ្នាំ២០២២ មានទំហំប្រហាក់ប្រហែលគ្នា ប៉ុន្តែនៅឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គឺទំហំវិនិយោគមានការធ្លាក់ចុះ ដោយចំនួនគំរោងធំៗថយចុះ ប៉ុន្តែគំរោងតូចៗបានកើនឡើង៕