រដ្ឋាភិបាលចិននឹងគាំទ្រវិស័យសំខាន់ៗ និងជម្រុញការអភិវឌ្ឍន៍ផ្លូវដែកនិងផ្លូវល្បឿនលឿននៅកម្ពុជា

0

        ដោយៈ ហ្វីអូណា
  ភ្នំពេញៈ លោក វ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានសម្តែងសុទិដ្ឋិនិយមថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយចិន ហើយចិនប្ដេជ្ញាបន្តផ្ដល់ការគាំទ្រកម្ពុជាលើវិស័យជាច្រើន។​

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាកាលពីថ្ងៃទី១២ និងទី១៣ សីហានេះ និងបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលផងដែរ។

នៅក្នុងជំនួបនោះ លោក វ៉ាង យី បានបង្ហាញអំពីការសង្ឃឹមជឿជាក់របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ ទ្វេរភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលក្នុងនោះ ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្ត ផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល។

លើសពីនេះភាគីចិន ក៏បានបង្ហាញជំហរគាំទ្រដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដែល រួមមាន ការសាងសង់ផ្លូវល្បឿនលឿនបន្ថែម ទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម។ ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោង សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជាបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានសម្តែងការស្វាគ​មន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលអញ្ជើញមកបំពេញទស្ស​នកិច្ចផ្លូវការនៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្ដល់ជំនួយដ៏ច្រើន សន្ធឹកសន្ធាប់មកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។

ភាគីទាំងពីរ ក៏បានអបអរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ​ឱ្យបានខ្លាំងក្លាថែមទៀត ដោយបង្កើតនូវសហគមន៍ជោគវាសនារួម កម្ពុជា-ចិន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

លោក វ៉ាង យី បានថ្លែងអំណរគុណ និងកោតសរសើរដល់លោ​កឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានខិតខំកសាង និងពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនឆ្នាំ ឆ្លងកាត់សម័យកាលជាច្រើនរបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំ គណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លោកបាននាំមកនូវការរីកចម្រើន និងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ការប្រាស្រ័យទាក់ទងរវាងប្រជាជន នៃប្រទេសទាំងពីរ រហូតឈានទៅសម្រេចបាន ជាទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។ជាមួយគ្នានោះ លោក វ៉ាង យី ក៏បានសម្តែងនូវការអបអរសាទរចំពោះការទទួលបានជោគជ័យ ​ដ៏ត្រចះត្រចង់នៃការបោះឆ្នោតសកលនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ចិនគឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោ​ងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។

លោកស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិន ដែលមានទឹកប្រាក់ប្រមាណ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែក ល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here