តែម សុខុម
សិង្ហបុរី: ក្រុមហ៊ុនប្រតិបត្តិករផ្កាយរណបកាណាដា Telesat បានផ្ដល់កិច្ចសន្យាតម្លៃ១,៥៦ពាន់លានដុល្លារ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអវកាសកាណាដា MDA ផលិតផ្កាយរណបចំនួន១៩៨សម្រាប់កម្មវិធីគន្លងតារាវិថីទាបរបស់ខ្លួន។
កិច្ចសន្យាដែលបានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Telesat ទាំងនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក ហក់ឡើងរហូតដល់ទៅជាង៤៥% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន MDA ហក់ឡើងប្រមាណ២៩%។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៣ សីហា។
-->
ក្រុមហ៊ុន Telesat និយាយថា ដំបូងឡើយខ្លួនបានគ្រោងចំណាយ៣,៥ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងផ្កាយរណបចែកចាយសេវាអ៊ីនធឺណិត Lightspeed នេះ ហើយថា កិច្ចសន្យាជាមួយក្រុមហ៊ុន MDA បានជួយឱ្យខ្លួនចំណាយតិចជាងការគ្រោងទុក២ពាន់លានដុល្លារអាមេរិក។
ការបាញ់បង្ហោះផ្កាយរណបនេះគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ២០២៦ ហើយការផ្ដល់សេវាកម្មចែកចាយសេវាអ៊ីនធឺណិតទូទាំងពិភពលោកនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២៧។
ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ថា បណ្តាញ Lightspeed ដែលបានរចនាឡើងវិញនេះនឹងផ្ដល់ការតភ្ជាប់របស់អ្នកប្រើប្រាស់ជាសហគ្រាស និងរដ្ឋាភិបាលជាមួយសេវាអ៊ីនធឺណិតដែលមានសុវត្ថិភាពខ្ពស់ និងមានភាពធន់នៅទូទាំងពិភពលោក៕ Reuters៕