ដោយៈ តែម សុខុម
ប៉េកាំងៈ ក្រុមប្រឹក្សារដ្ឋនៃប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៣ សីហាបានដាក់ចេញ គោលការណ៍ណែនាំនានា ដែលខ្លួននិយាយថានឹងធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀត នូវបរិយាកាសវិនិយោគបរទេសក្នុងប្រទេសចិន និងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន។
ក្រុមប្រឹក្សារដ្ឋចិន បានលើកឡើងតាមរយៈឯកសារមួយ ដែលមានគោលការណ៍ណែនាំ២៤ចំណុចថា អាជ្ញាធរត្រូវតែបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគបរទេស រួមទាំងការពង្រឹងការអនុវត្តកម្មសិទ្ធិបញ្ញាផងដែរ។
ឯកសារនេះក៏បានប្រកាស ពីគោលការណ៍ណែនាំនានា ដើម្បីបង្កើនការគាំទ្រផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសវិនិយោគបរទេស ដូចជាការលើកលែងជាបណ្ដោះអាសន្ននូវពន្ធលើប្រាក់ចំណូល សម្រាប់អ្នកវិនិយោគបរទេស ដែលបង្វែរប្រាក់ចំណេញរបស់ពួកគេ យកមកវិនិយោគឡើងវិញ នៅក្នុងប្រទេសចិនជាដើម។
ក្រុមប្រឹក្សារដ្ឋចិន និយាយថា ខ្លួននឹងស្វះស្វែងរក “យន្តការគ្រប់គ្រងដ៏ងាយស្រួល និងមានសុវត្ថិភាព” សម្រាប់រំហូរទិន្នន័យឆ្លងដែន។ សំណើនេះធ្វើឡើងចំពេលមានភាពតានតឹង រវាងអាជ្ញាធរ និងសហគ្រាសអន្តរជាតិ រួមទាំងបណ្ដាក្រុមហ៊ុនគណនេយ្យ ពិភពលោកផងដែរជុំវិញសុវត្ថិភាពទិន្នន័យ។
ប្រទេសចិន បានស្វះស្វែងយ៉ាងខ្លាំង នៅក្នុងការទាក់ទាញមូលធនបរទេស ខណៈការស្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួន ពីវិបត្តិកូវីដ-៩ មានសន្ទុះយឺតដោយសារតម្រូវការនាំចេញធ្លាក់ចុះ ពីបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ៗ និងភាពចលាចល ដែលកំពុងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសនេះ៕ Reuters៕